រដ្ឋបាលស្រុកត្រាំកក់ ប្រារព្ធ “ទិវាជាតិនៃការចងចាំ ២០ ឧសភា”
AKP តាកែវ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
នៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រាំងតាចាន់ ស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រារព្ធ "ទិវាជាតិនៃការចងចាំ២០ ឧសភា" កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសបុណ្យកុសជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដោយអញ្ជើញជាអធិបតីពីសំណាក់លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃស្រុកត្រាំកក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកត្រាំកក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កេត ម៉ៅ បានមានប្រសាសន៍ថា ថ្ងៃទី២០ ខែឧសភា ជា “ទិវាជាតិនៃការចងចាំ” និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។
លោក កេត ម៉ៅ បានមានប្រសាសន៍បន្តថា ការប្រារព្ធ "ទិវាជាតិនៃការចងចាំ ២០ ឧសភា" ក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរជូនជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ ប៉ះប៉ូវនូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា លើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើដ៏ឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

លោក កេត ម៉ៅ បានមានប្រសាសន៍បន្ថែមថា រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកខ្មែរក្រហមបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់ជាង៣លាននាក់ ដោយការធ្វើទារុណកម្មដ៏ព្រៃផ្សៃផ្សេងៗ ការបង្អត់អាហារ ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការ និងអំពើអមនុស្សធម៌ផ្សេងៗជាច្រើនទៀត។ ពួកវាបានបំផ្លិចបំផ្លាញខឿនវប្បធម៌សេដ្ឋកិច្ចជាតិ និងហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជាត្រូវបានស្លាប់ដោយគ្មានថ្នាំសង្កូវ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលិទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ជាពិសេស លោកអភិបាលស្រុកត្រាំកក់បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតមិនឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពតវិលត្រឡប់មកវិញសាជាថ្មីឡើយ៕
ដោយ អ៊ុច សៀង





