ខេត្តកំពង់ស្ពឺរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា នៅបរិវេណ ម-១៣ (អតីតមន្ទីរឃុំឃាំង ម-១៣) ស្រុកថ្ពង
AKP កំពង់ស្ពឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងសហការជាមួយសារមន្ទីរទួលស្លែង បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម ឃិន សាវេន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង សុភ័ក្រ អភិបាលរងនៃគណៈអភិបាលស្រុកថ្ពង នៅបរិវេណ ម-១៣ (អតីតមន្ទីរឃុំឃាំង ម-១៣) ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម ឃិន សាវេន បានមានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នងពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតភ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយបណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ ធ្វើការរួម ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ បានបង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាខ្មៅងងឹតដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំងបានរំលឹកឡើងថា យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឃិន សាវេន បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ដែលយើងទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕
ដោយ លឹម សាន្ត





