ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម១ខ្សែនៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ០១ខ្សែក្រាលគ្រួសក្រហមប្រវែង៦គីឡូម៉ែត្រ ស្ថិតនៅភូមិក្រយាជើង ទៅភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប និងបានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់សូមចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកជញ្ជូនលើផ្លូវថ្នល់ផ្ទុកលើសទម្ងន់ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពានព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាកុំបើកបរលើសល្បឿនកំណត់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិនិងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ផ្លូវ០១ខ្សែនេះពិតជាបានជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសនោះជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលបច្ចុប្បន្នបាន និងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៥គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ស៊ុម វណ្ណា





