វិស័យអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា វិស័យអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យកម្លាំងចលករក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ លោកអភិបាលរងបានថ្លែងបែបនេះក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងផ្សព្វផ្សាយអំពីវគ្គជំនាញខ្លីៗចំនួន១២ របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាបឋមសិក្សាជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីនីតិវិធី និងវិធីសាស្ត្រច្បាស់លាស់ សម្រាប់ការវាយតម្លៃ និងទទួលស្គាល់សាលារៀន ឬស្ថាប័នអប់រំណា ដែលមានសេវាសាធារណៈគំរូ។ ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយអំពីវគ្គជំនាញខ្លីៗចំនួន១២របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដល់នាយក នាយិកា សាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងស្រុកព្រះនេត្រព្រះ ដើម្បីលើកកម្ពស់ចំណេះដឹង និងឱកាសការងារសម្រាប់សិស្សានុសិស្សក្រោយពេលបញ្ចប់ការសិក្សា។

លោកបានថ្លែងថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។ យើងចង់ឃើញសាលារៀនរបស់យើង មិនត្រឹមតែជាកន្លែងបង្រៀនចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ មានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមចំណែកក្នុងការកសាងសង្គមជាតិ។
ក្នុងឱកាសនោះ លោក យឹម សំណាង បានជំរុញឱ្យនាយក នាយិកាគ្រប់រូប ពិចារណា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវគ្គជំនាញខ្លីៗទាំង១២របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្ត។ វគ្គសិក្សាទាំងនេះគឺជាឱកាសដ៏ល្អសម្រាប់ក្មួយៗសិស្សានុសិស្ស ដែលបញ្ចប់ការសិក្សានៅបឋមសិក្សា និងអនុវិទ្យាល័យ អាចបន្តការសិក្សាជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ ការមានជំនាញច្បាស់លាស់ នឹងជួយឱ្យពួកគាត់មានលទ្ធភាពរកការងារធ្វើបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ និងគ្រួសារ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តប្តេជ្ញាចិត្តគាំទ្រជានិច្ចនូវរាល់សកម្មភាពនានា ដែលសំដៅលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ យើងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ នាយក នាយិកាទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីនីតិវិធីវាយតម្លៃ ក៏ដូចជាវគ្គជំនាញនានា ដើម្បីជាប្រយោជន៍ដល់ការងារអប់រំ និងការអភិវឌ្ឍសិស្សានុសិស្សរបស់យើង។ សិក្ខាសាលានេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិសម្រាប់សិស្សានុសិស្សឱ្យមានជំនាញពិតប្រាកដ សម្រាប់ឈានចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។ តាមរយៈការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលទាំងនេះ គេរំពឹងថាខេត្តបន្ទាយមានជ័យ នឹងមានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕
ដោយ ឈុន សារ៉ាត





