មន្ដ្រីសង្កាត់ទទួលបានការបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រការបញ្ជ្រាបចំណេះដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--
ការបំពេញការងារប្រចាំថ្ងៃគឺមិនអាចកាត់ផ្តាច់ចេញពីបច្ចេកវិទ្យាឌីជីថល ឬមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ ហើយក្នុងនាមជាមន្ត្រីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋត្រូវចេះដឹងអំពីឌីជីថល បើមិនចេះបច្ចេវិទ្យាឌីជីថលគឺមិនអាចធ្វើជាមេដឹកនាំគេបានឡើយ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័រការបញ្ជ្រាបចំណេះដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជូនមន្ដ្រីសង្កាត់៣០០នាក់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលសន្តិសុខសាយប័រគឺជាការធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែម ព្រោះថាការបំពេញការងារប្រចាំថ្ងៃគឺមិនអាចកាត់ផ្តាច់ចេញពី បច្ចេកវិទ្យាឌីជីថល ឬនិយាយម៉្យាងទៀត យើងមិនអាចរស់នៅដោយគ្មានបច្ចេកវិទ្យាឌីជីថលបានឡើយ។ ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤បាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស នៅលើគ្រប់វិស័យទាំងអស់ រួមមាន៖ វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម ធុរកិច្ច ការងារ និងរដ្ឋបាលសាធារណៈជាដើម។

ឯកឧត្ដមបានបន្តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចំពោះបច្ចេកវិទ្យានេះក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី៥នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
បរិវត្តកម្មឌីជីថលគឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបាន ដើម្បីកសាងសេដ្ឋកិច្ច សង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការ ត្រូវតែយល់ដឹង និងទាញយកឱ្យអស់នូវសក្តានុពលពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ និងបង្កើតនូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត។ យើងដឹងហើយថា អ្វីៗទាំងអស់គឺត្រូវធ្វើឌីជីថូបនីយកម្ម ឧទាហរណ៍ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល រដ្ឋបាលឌីជីថល ធុរកិច្ចឌីជីថល ជាដើម។ ទន្ទឹមនឹងអត្ថប្រយោជន៍ដែលទទួលបានខាងលើ ក៏នៅមានបញ្ហាប្រឈមដ៏ធំមួយគឺបញ្ហា សុវត្ថិភាព ទិន្នន័យ ដែលតម្រូវឱ្យមានការដាក់ចេញនូវវិធានការបង្ការ និងបង្ក្រាបនានា ឆ្លើយតបទៅ នឹងចរន្តនៃការលួច យកទិន្នន័យ និងប្រើប្រាស់បន្ត ក្នុងគោលបំណងខុសច្បាប់ ដែលមិនត្រឹមតែធ្វើឱ្យខូចប្រយោជន៍ដល់ម្ចាស់ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យប៉ះពាល់សន្តិសុខជាតិថែមទៀតផង។

ឯកឧត្ដម កើត ឆែ បានរំលឹកឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ ចូលរួមឱ្យបានពេញលេញ ដើម្បីទទួលបានចំណេះដឹង ជាប្រយោជន៍ដល់ការបំពេញការងារ និងការរស់នៅ ប្រចាំថ្ងៃ។ ក្នុងនាមជាមន្ត្រីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវចេះដឹងអំពីឌីជីថលនេះ គឺយើងអាចការពារខ្លួនឯងបាន ការពារបងប្អូនជុំវិញខ្លួនយើង និងការពារប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងបាន។ សម័យនេះហើយ បើយើងមិនចេះបច្ចេកវិទ្យាឌីជីថល យើងមិនអាចធ្វើជាមេដឹកនាំគេបានឡើយ៕
ដោយ សួស សំរិត





