អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាម ធ្វើឡើងដោយ សារព័ត៌មានបរទេសមួយចំនួន នាពេលថ្មីៗនេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធីការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាពេលថ្មីៗនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងថា រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ « ក្រោយការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីកំពងផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម នាវាចិនជាដើម។ ពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។»

ឯកឧត្តម នាយឧត្តមសេនីយ៍ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសស្វាកមន៍ផងដែរ នូវបណ្តាកងទ័ពប្រទេសជាមិត្តទាំងអស់ ដែលចង់មកចូលចតនៅកំពង់ផែរាមប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាដែលជាម្ចាសផ្ទះជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ ដែលយើងសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងការពារជាតិ





