អង្គការ MCC បណ្តុះបណ្តាលអ្នកបើកទូក ដើម្បីអភិរក្ស និងទស្សនាថនិកសត្វសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- អង្គការ MCC បានបណ្តុះបណ្តាលអ្នកបើកទូក ដើម្បីអភិរក្ស និងទស្សនាថនិកសត្វសមុទ្រ ដែលរយៈពេលប៉ុន្មានជាង២ឆ្នាំ អង្គការ MCC បាន និងកំពុងបង្កើតការទស្សនាថនិកសត្វសមុទ្រ ដែលដឹកនាំដោយសហគមន៍នេសាទផ្ទាល់ដែលផ្អែកលើការគោរព ការអភិរក្ស និងការថែទាំ។

អង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ថា អ្នកបើកទូកដែលបានទទួលការបណ្តុះបណ្តាលពីពួកយើង គឺគាត់បាន និងកំពុងអនុវត្តតាមគោលការណ៍ណែនាំអំពីការមើលថនិកសត្វប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពនៃថនិកសត្វសមុទ្រ ដ៏ស្រស់ស្អាតទាំងនេះ ហើយយើងមានមោទនភាពក្នុងការធ្វើជាឧទាហរណ៍អំពីរគោលការណ៍ ទេសចរណ៍អេកូឡូស៊ី ដែលអាចជួយការពារ ដោយមិនបង្កការរំខានទៅដល់ថនិកសត្វសមុទ្រឡើយ។

នេះគឺមិនមែនគ្រាន់តែការទស្សនាថនិកសត្វតែប៉ុណ្ណោះទេ គឺសំខាន់ការទស្សនារបស់ពួកគាត់ប្រកបដោយសុវត្ថិភាពផងដែរ។ នេះមិនមែនជាការធ្វើដំណើរទស្សនាធម្មតាទេ វាជារឿងមួយដែលបញ្ជាក់អំពីសមុទ្ររបស់យើងបេះដូងរបស់ប្រជាជនយើង និងសុបិនរបស់ក្មេងជំនាន់ក្រោយផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ MCC)





