សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកត់ត្រាជារឿងសំខាន់ តែក៏ត្រូវចេះទុកដាក់ ថែរក្សាឯកសារ ដើម្បីបន្តដល់អ្នកជំនាន់ក្រោយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការកត់ត្រាជារឿងដែលសំខាន់ តែក៏ត្រូវចេះទុកដាក់ ថែរក្សាឯកសារ ដើម្បីបន្តការប្រើប្រាស់ ដល់អ្នកជំនាន់ក្រោយ ក្នុងន័យធានានិរន្តរភាពនៃចំណេះដឹង ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យបណ្តានិស្សិតទាំងអស់ ទាំងអ្នកនៅក្នុងនិងនៅខាងក្រៅ បើសិនជាស្រាវជ្រាវចេញជាស្នាដៃហើយ អាចរៀបចំគិតគូរជាមួយសាលា ដើម្បីបរិច្ចាគចូលមកក្នុងបណ្ណាល័យ ដើម្បីធ្វើយ៉ាងណាជាមូលដ្ឋានសិក្សាបន្ត ។

ក្នុងនោះសម្តេចធិបតី ផ្តល់ជាទស្សនទានដល់អ្នកសិក្សាទាំងឡាយថា ទោះបីជាមានបច្ចេកវិទ្យាទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ តែកុំភ្លេចការអាន ការសរសេរ សិក្សាស្រាវជ្រាវ និងត្រូវចងក្រងទុក ខណៈដែលសម្តេចថា ការធ្វើបែបនេះ អាចឱ្យមានចំណេះដឹងក្នុងខ្លួនពិតប្រាកដ។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ការកត់ត្រាជារឿងដែលសំខាន់ តែក៏ត្រូវចេះទុកដាក់ ថែរក្សាឯកសារ ដើម្បីបន្តការប្រើប្រាស់ ដល់អ្នកជំនាន់ក្រោយ ក្នុងន័យធានានិរន្តរភាពនៃចំណេះដឹង និងធានានូវនិរន្តរភាពនៃបទដ្ឋានការងារ ដើម្បីធ្វើយ៉ាងណាប្រែក្លាយឱ្យទៅជាអត្ថប្រយោជន៍ជាបន្តបន្ទាប់ ។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត នៅក្នុងការជំរុញបន្ថែម នូវការចងក្រង និងរក្សាទុកនូវឯកសារ ជាពិសេស របកគំហើញក៏ដូចជាស្នាដៃ ដែលនិស្សិតមួយជំនាន់ៗ ក៏ដូចជាសាស្ត្រចារ្យ គ្រូបង្រៀន ក៏ត្រូវស្រាវជ្រាវបន្ថែមខ្លួនឯងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "គ្រូមិនមែនមានតែម៉ោងបង្រៀនទេ មានម៉ោងស្រាវជ្រាវ គឺដើម្បីស្រាវជ្រាវបន្ថែមរបកគំហើញបន្ថែម ប្រធានបទ មេរៀនដែលយើងមានហើយ ក៏អាចទំនើបកម្មថែមថយ ដើម្បីឱ្យកាន់តែល្អ បន្ថែមទៅលើអ្វីដែលក្រសួងអប់រំ បានដាក់ឱ្យ មិនឱ្យបាត់ទម្រង់ដើម មិនឱ្យបាត់ខ្លឹមសារដើម ប៉ុន្តែបច្ចេកវិទ្យា វិធីសាស្ត្រ ក្នុងការបង្រៀន គឺត្រូវទំនើបកម្មជាប្រចាំ ហើយនេះហើយគឺជាអ្វីដែលធានានូវប្រសិទ្ធភាព ដើម្បីធានានូវប្រសិទ្ធផល នៅក្នុងស្នាដៃរបស់យើង ចឹងការស្រាវជ្រាវ និងការតម្កល់ទុកឯកសារ ខ្ញុំសូមលើកទឹកចិត្ត និងសូមអរគុណណាស់ ចំពោះការរៀបចំនេះ"៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





