រដ្ឋបាលស្រុកតាំងគោកប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
AKP កំពង់ធំ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ៧០០នាក់ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តស្រះកណ្តាល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានថ្លែងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ "ទិវាជាតិនៃការចងចាំ" ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នងពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យមហាលោតភ្លោះដ៏ឆ្កួតលីលារបស់ពួកគេក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុងការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយបណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ធ្វើការរួម ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងយ៉ាងទារុណបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ បានបង្កជាសោកនាដកម្មដ៏ជូរចត់ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រឈាមទឹកភ្នែកធ្វើការដូចសត្វ គ្មានពេលសម្រាកពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោកអភិបាលស្រុកបានរំលឹកឡើងថា យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើងកសាងសង្គមគ្រួសារ សហគមន៍និងប្រទេសជាតិ។

លោក ហាក់ ម៉ុងហួត បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ទទួលបានដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕


ដោយ ស៊ុម វណ្ណា





