សម្តេចនាយករដ្ឋមន្ត្រី គាំទ្រយ៉ាងពេញទំហឹងចំពោះការប្រែក្លាយសាលាគរុកោសល្យទាំង២៥ទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះការប្រែក្លាយសាលាគរុកោសល្យទាំង២៥ ទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបានគុណភាព ឧត្តមភាពឆ្លើយតបទៅនឹងការ អប់រំក្នុងបរិបទថ្មី ដែលចំណុចនេះសម្តេចសូមធ្វើការគាំទ្រមួយរយភាគរយ ព្រោះថាការអប់រំសំខាន់បំផុត គឺត្រូវមានគ្រូដែលប្រកបដោយគុណភាព បូករួមទាំងសិស្សផងដែរ។ ការប្រកាសគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កម្មវិធីសិក្សា ឧបករណ៍ សម្ភារ អាចអភិ វឌ្ឍន៍ ឬប្រើប្រាស់បានដោយប្រសិទ្ធភាពនោះលុះត្រាតែគ្រូមានសមត្ថភាព បើយើងបំពាក់កុំព្យូទ័រយ៉ាងទំនើបទៅសាលារៀនមួយ តែប្រសិនបើគ្រូមិនចេះប្រើក៏វាទៅមិនរួចដែរ គាត់ចេះត្រឹមតែបើក និងបិទ ចេះត្រឹមតែប្រើកម្មវិធីបានតិចតួចនោះក៏បានន័យថា សមត្ថភាពសិស្សដែលទទួលបានពីគ្រូលើចំណេះដឹងខាងផ្នែកកុំព្យូទ័រនេះក៏មានតែប៉ុណ្ណឹងដែរ។

សម្តេចបានលើកឡើងថា ទោះបីជារៀននៅក្រោមដើមឈើ តែប្រសិនបើជាមានគ្រូល្អ គ្រូដែលមានសមត្ថភាពក្នុងការបង្រៀននោះសិស្សប្រហែលជាទទួលបានចំណេះដឹងប្រសើរជាងសិស្សដែលរៀននៅក្នុងសាលាថ្មតែគ្រូពុំសូវជាមានសមត្ថភាព ដែលនេះគឺជាកត្តាជាក់ស្តែង។ អ៊ីចឹងហើយការបណ្តុះបណ្តាលគ្រូឱ្យប្រកបដោយសមត្ថភាពគឺជាការសំខាន់ ព្រោះការធានាគុណភាពគឺជាការសំខាន់ខ្លាំងណាស់ ខណៈដែលកំណើនប្រជាជនកម្ពុជាកំពុងមានការកើនឡើងខ្លាំងដែលនាំឱ្យតម្រូវការសាលារៀនក៏មានច្រើន ជាពិសេសគឺតម្រូវការគ្រូបង្រៀន ដែលកន្លងមកយើងមានការខ្វះពីរ គឺខ្វះអគារ និងខ្វះគ្រូ ដែលការខ្វះគ្រូគឺជាបញ្ហាធំ តែទោះជាយ៉ាងណាក៏ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំច្នៃប្រឌិតដោះស្រាយតាមរយៈការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា និងក្រោមរូបភាពផ្សេងៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដោយផ្ទាល់ ដោយនៅកន្លែងខ្លះអាចមានគ្រូស្ម័គ្រចិត្តជួយក្នុងកិច្ចការនេះ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល តែការណ៍នេះគ្រាន់តែជាការដោះស្រាយបានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ មិនអាចធានាចីរភាពបានទេ ដែលចាំបាច់យើងត្រូវតែគិតគូអំពីចីរភាព ដែលការគិតគូអំពីចីរភាពនេះគឺមានន័យថា ជាការគិតគូអំពីបរិមាណ និងគុណភាព ហើយចំពោះការដោះស្រាយបញ្ហាបរិមាណគ្រូបង្រៀនយ៉ាងណានោះគឺមិនអាចឱ្យបាត់បង់នូវគុណភាពបានទេ នេះគឺជាការចាំបាច់ ដោយយើងអាចសុខចិត្តនៅក្នុងការពង្រីកចំនួនគ្រូក្នុងល្បឿនយឺតចៀសជាងយើងចង់បានតែបរិមាណដោយចេះតែចាប់ដាក់នៅតាមសាលារៀន តែបង្រៀនមិនកើត នោះក៏មិនអាចទទួលយកបានដែរ យើងត្រូវតែធ្វើឱ្យសិស្សទទួលបាននូវការអប់រំដោយត្រឹមត្រូវ និងដោយគុណភាព។ នេះគឺ ជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងន័យចង់បានគុណភាពគ្រូបង្រៀន ចៀសជាង បរិមាណគ្រូបង្រៀន៕

ដោយ៖ ចាន់ សុភឿន





