ឯកឧត្តមបណ្ឌិត ឆាយ សុផល ធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ស្តីពីជំនាញបច្ចេកទេសសរសេរព័ត៌មានប្រកបដោយគុណភាព និងមានវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូងដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថា ការសរសេរព័ត៌មានត្រូវឈរលើសីលធម៌ និងក្រមសីលធម៌ទាក់ទងនឹងវិជ្ជាជីវៈការងារ ចេះការងារទំនាក់ទំនងសាធារណៈ បង្កើនចំណេះដឹងទូទៅ អាន ស្តាប់ និងមើលឱ្យបានច្រើន ចេះក្តាប់សភាពការណ៍នយោបាយ និងសេដ្ឋកិច្ចឱ្យបានល្អ ដើម្បីវិភាគឱ្យបានស៊ីជម្រៅ និងសុក្រឹត្យ។

ក្នុងវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីវិធីសាស្រ្តសរសេរខ្លឹមសារ «ព័ត៌មាន» គឺជាស្ថានការណ៍មួយផ្នែកផ្អែកលើព្រឹត្តិការណ៍ដែលបានកើតឡើង រីឯ «ដំណឹង» គឺជាបណ្តុំព័ត៌មានដែលមានទិន្នន័យច្បាស់លាស់ និងពេញលេញផ្អែកលើ 5W+H (What, When, Where, Who, Why និង How)។ ដំណឹង ឬ NEWS អាចកត់សម្គាល់ និងចងចាំបានថា ជាព័ត៌មានថ្មី (NEW s) ដែលបានមកពីគ្រប់ទិសទី North, East, West, South បានន័យថាមកពីគ្រប់ទិសដែលយើងអាចទទួលបានដំណឹង។

ឯកឧត្តមបណ្ឌិតបានបន្តថា ការសរសេរព័ត៌មាន យើងត្រូវប្រើវិញ្ញាណទាំងអស់របស់យើង មកបរិយាយនៅក្នុងអត្ថបទ ប៉ុន្តែបើការបរិយាយនោះបែបអវិជ្ជមាន ឫការរិះគន់ ចោទប្រកាន់ណាមួយ យើងជាអ្នកសរសេរព័ត៌មាន ត្រូវប្រើប្រភពជាជាងបរិយាយដោយខ្លួនឯង។

សូមជម្រាបជូន វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូងដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចាប់ពីទី១៩-៣០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាននៃក្រសួងព័ត៌មាន៕


ដោយ ទូច វលក័្ខណ





