លោក វ៉ាង យី នឹងចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនៅតំបន់រដ្ឋបាលពិសេសហុងកុង
AKP ប៉េកាំង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សចិន CPC និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល នៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតជិត ២០ប្រទេសដែលមានគោលជំហរស្រដៀងគ្នា បានរួមគ្នាចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល (IOMed) មួយ ដោយតាមរយៈការខិតខំប្រឹងប្រែងរួមគ្នានេះ កិច្ចចរចាស្តីពីអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនេះត្រូវបានបញ្ចប់ ហើយភាគីទាំងអស់បានយល់ព្រមដាក់ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ប្រទេសចិន។

ប្រមាណជិត ៦០ប្រទេសមកពីអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប និងអង្គការអន្តរជាតិប្រហែល២០ រួមទាំងអង្គការសហប្រជាជាតិផងដែរនោះ នឹងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ទៅចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនេះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតំបន់រដ្ឋបាលពិសេសហុងកុង។ វេទិកាសកលស្តីពីការសម្របសម្រួលអន្តរជាតិនឹងធ្វើឡើងនៅពេលរសៀលនាថ្ងៃនោះ ដើម្បីធ្វើការពិភាក្សាទៅលើការសម្របសម្រួលជម្លោះរវាងរដ្ឋ និងរដ្ឋ និងការសម្រុះសម្រួលជម្លោះរវាងរដ្ឋមួយ និងអ្នកវិនិយោគបរទេស និងជម្លោះពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
លោកស្រីបានសង្កត់ធ្ងន់ថា ការសម្រុះសម្រួល គឺជាវិធានការសំខាន់មួយដើម្បីដោះស្រាយវិវាទដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខណៈដែលជាមធ្យោបាយមួយដែលមានលក្ខណៈមិត្តភាពជាងក្នុងការដោះស្រាយវិវាទ ការសម្រុះសម្រួលគោរពយ៉ាងពេញលេញនូវឆន្ទៈរបស់ភាគីពាក់ព័ន្ធ ហើយមានគុណសម្បត្តិពិសេសនៃភាពបត់បែនកាន់តែច្រើន មានភាពងាយស្រួល ការចំណាយទាប និងការអនុវត្តកាន់តែមានប្រសិទ្ធភាព។ វាជាការឆ្លុះបញ្ចាំងពីប្រពៃណីនៃមិត្តភាព និងភាពសុខដុមរមនា ដែលមានតម្លៃ។ ជាមួយនឹងគោលបំណងនៃការដោះស្រាយការខ្វែងគំនិត និងការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល អង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនេះនឹងជាអង្គការផ្លូវច្បាប់អន្តររដ្ឋាភិបាលដំបូងគេរបស់ពិភពលោក ដែលផ្តល់នូវការដោះស្រាយវិវាទអន្តរជាតិតាមរយៈការសម្រុះសម្រួល ហើយនឹងដើរតួនាទីជាយន្តការដ៏សំខាន់មួយក្នុងការការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកស្រីបានបញ្ជាក់ថា ការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល គឺជាការឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រទេសនានាក្នុងពិភពលោកសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយបានបន្ទរការអំពាវនាវរបស់ពិភពលោកនាពេលបច្ចុប្បន្នសម្រាប់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក។ វារួមបញ្ចូលនូវអត្ថប្រយោជន៍នៃប្រព័ន្ធច្បាប់សំខាន់ៗទាំងអស់ ហើយនឹងជួយនាំមកនូវអភិបាលកិច្ចជាសកលប្រកបដោយយុត្តិធម៌ និងសមធម៌បន្ថែមទៀតស្តីពីនីតិរដ្ឋ។ លើសពីនេះទៀត លោកស្រីបាននិយាយបន្ថែមថា «យើងសូមស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីប្រទេសជាច្រើនទៀតក្នុងការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល ដើម្បីឱ្យវាកាន់តែមានភាពប្រសើរឡើងក្នុងការសម្របសម្រួលជាមួយយន្តការដោះស្រាយជម្លោះអន្តរជាតិដែលមានស្រាប់ ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់នូវជម្រើស និងមធ្យោបាយកាន់តែច្រើនក្នុងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ព្រមទាំងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិកាន់តែប្រសើរឡើង»៕
ដោយ៖ យា ចិន្តាខន្តី





