រដ្ឋមន្ត្រីក្រសួងអប់រំ៖ គ្រូបង្រៀនគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រព័ន្ធអប់រំរបស់យើង
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រព័ន្ធអប់រំរបស់យើង ហើយគុណភាពនៃការបង្រៀនរបស់គ្រូ គឺជាកត្តាកំណត់ដ៏សំខាន់បំផុតមួយក្នុងការធានាថា សិស្សានុសិស្សនឹងទទួលបាននូវចំណេះដឹង ជំនាញ និងសមត្ថភាពពេញលេញ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការបណ្តុះបណ្តាលគ្រូលើវិធីសាស្ត្របង្រៀននូវកម្មវិធីសាលារៀនជំនាន់ថ្មី និងការអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង និងមូលនិធិស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលមូលនិធិស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍នេះត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។
បើតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា កម្មវិធីសាលារៀនជំនាន់ថ្មី ដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ បានបង្ហាញនូវសញ្ញាវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង ក៏ជាជំហានដ៏ត្រឹមត្រូវមួយក្នុងការកសាងគ្រឹះដ៏រឹងមាំសម្រាប់កុមារក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកភាសាខ្មែរ និងគណិតវិទ្យាដែលជាជំនាញមូលដ្ឋានដ៏សំខាន់សម្រាប់ការសិក្សានៅកម្រិតបន្តបន្ទាប់ផងដែរ។


ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារឱ្យ ស្វែងរកវិធានការឱ្យបានច្បាស់លាស់ក្នុងការពង្រឹងប្រព័ន្ធសាលាគរុកោសល្យ ជាពិសេសនៅកម្រិតអំណានដំបូង និងគណិតដំបូង ដោយត្រូវមានការបណ្តុះបណ្តាលគ្រូប្រកប ដោយគុណភាពខ្ពស់។ ត្រួតពិនិត្យយន្តការ និងប្រព័ន្ធវាយតម្លៃលទ្ធផល ដើម្បីបន្តកែលម្អដំណើរការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាពឈរលើការវិភាគច្បាស់លាស់ ដោយចាប់ផ្ដើមពីភស្តុតាងដែលប្រមូលបាន។ ពិនិត្យមើលធនធានឱ្យបានគ្រប់គ្រាន់ដូចជា សៀវភៅ និងឯកសារពាក់ព័ន្ធនានា ដោយទាមទារឱ្យមានការសិក្សាស្វែងយល់បន្ថែមដើម្បីធានាថាសៀវភៅ និងឯកសារគឺមានគ្រប់គ្រាន់និងពេញលេញ។ ត្រូវមានការវាយតម្លៃលើការអនុវត្តជាប្រចាំដើម្បីធានាថា គ្រូដែលចេញថ្មីមានគុណវុឌ្ឍិស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ បញ្ជ្រាបតេស្ត PISA ក្នុងការបង្រៀន និងរៀន ដើម្បីឱ្យសិស្សទទួលបានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងប្រៀបធៀបជាមួយស្តង់ដាអន្តរជាតិ ដើម្បីស្វែងរកចំណុចត្រូវកែលម្អ និងកំណត់ផែនការសកម្មភាពបន្តជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





