អ្នកសារព័ត៌មានអន្តរជាតិជាង ១២០នាក់បំពេញទស្សនកិច្ចនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
AKP ប៉េកាំង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាង ១២០នាក់ តាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន (CIPCC) បានបំពេញទស្សនកិច្ចនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយនៅក្នុងនោះមានអ្នកសារព័ត៌មានកម្ពុជាម្នាក់មកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺជាស្ថាប័នបណ្តុះបណ្តាលកម្មាភិបាលគណបក្សខ្ពស់បំផុតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CCP) និងត្រូវបានប្រើប្រាស់ជាវេទិកាសម្រាប់គណៈប្រតិភូក្នុងការទទួលបានចំណេះដឹងថ្មីៗ ពង្រឹងស្មារតីស្នេហាជាតិ និងលើកកម្ពស់គុណភាពសីលធម៌ និងមនោគមវិជ្ជារបស់កម្មាភិបាលបក្ស។ លើសពីនេះទៀត វាក៏ពង្រឹងនូវទំនាក់ទំនងរវាងមជ្ឈឹមបក្ស និងវិស័យផ្សេងៗ ដើម្បីរួមគ្នាបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពផងដែរ។

ដោយត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៣៣ រហូតមកដល់ពេលនេះ សាលាបក្សរបស់ CCP ជាកន្លែងបណ្តុះបណ្តាលសមាជិក ១០០លាននាក់ដែលជាឥស្សរជន ឬមន្ត្រីសំខាន់ៗនៅក្នុងប្រទេសចិន ដោយតាមរយៈសាលានេះ CCP នឹងធានាបានថា កម្មាភិបាលសំខាន់ៗទាំងអស់របស់ខ្លួន មានគំនិត និងអនុវត្តសកម្មភាពទាំងអស់នៅក្នុងក្របខ័ណ្ឌនៃមនោគមវិជ្ជារបស់គណបក្ស និងស្របតាមទិសដៅនៃការអភិវឌ្ឍដែលបានកំណត់៕
ដោយ៖ យា ចិន្តាខន្តី





