លោក អ៊ុន បុត្ត អញ្ជើញជាអធិបតីក្នុង "ទិវាជាតិនៃការចងចាំ" នៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានរិទ្ធ បានអញ្ជើញជាអធិបតីក្នុង "ទិវាជាតិនៃការចងចាំ" នៅវត្តគន្ធជលសារ ហៅវត្តបឹងក្រូច ភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានរិទ្ធលោកគ្រូ-អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបប្រមាណ២១៧នាក់។

ក្នុងឱកាសនោះ លោក អ៊ុន បុត្ត បានលើកឡើងថាថ្ងៃទី២០ ខែឧសភានេះ ជា "ទិវាជាតិនៃការចងចាំ" និងជាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។


ទន្ទឹមនឹងនេះ លោក អ៊ុន បុត្ត បន្តថា ទិវាជាតិនៃការចងចាំ២០ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។ ការឈឺចាប់ខាងផ្លូវចិត្ត ផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជាលើកកម្ពស់ការផ្សព្វផ្សាយការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕


ដោយ ស៊ុម វណ្ណា





