ថ្នាក់ដឹកនាំខេត្តកំពង់ធំអញ្ជើញចូលរួមពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តឌួងសូរិយា
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា នៅវត្តឌួងសូរិយា ហៅវត្តក្តីដូង ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការនិមន្ត និងការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ព្រះគ្រូចៅអធិការវត្តឌួងសូរិយាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំ អភិបាលស្រុកកំពង់ស្វាយសមាជិកក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណជាង១០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជាដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យអស់រយៈកាល០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង កាប់សម្លាប់យ៉ាងអយុត្តិធម៌ ព្រមទាំងបានលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយវាយផ្សេងៗ មិនមានដំណើរការសាលារៀន មន្ទីរពេទ្យ និងវត្តអារាម។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍បន្តថា ដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែងតស៊ូ យកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង បង្រួបបង្រួមជាតិ សង្គ្រោះជាតិ សាសនានិងការអប់រំឱ្យរស់ឡើងវិញដោយកសាងបាននូវសន្តិភាព សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ដោយមាននយោបាយឈ្នះ ឈ្នះទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង សូមបងប្អូនប្រជាពលរដ្ឋការពារសន្តិភាពឱ្យបានគង់វង្សពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួនហើយណែនាំដល់កូនចៅឱ្យដឹងពីទុក្ខលំបាកកើតចេញពីសង្គ្រាម។


ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់អ្នកចូលរួមទិវាជាតិនៃការចងចាំឱ្យចូលរួមថែរក្សានិងការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ។ កាលណាប្រទេសជាតិមានសុខសន្តិភាពនោះប្រទេសជាតិនឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ព្រមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះនៃសុខដុមរមនា សម្រាប់ប្រទេសជាតិយើងទាំងមូល។រាជរដ្ឋាភិបាលកម្ពុជារៀបចំទិវាជាតិនៃការចងចាំនេះជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានចងចាំ និងយល់ដឹងច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជានិងអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាកដែលប្រទេសជាតិធ្លាប់ឆ្លងកាត់៕

ដោយ ស៊ុម វណ្ណា





