ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអង្គមីទ្ទិញប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា នៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធពិធីមីទ្ទិញ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
កញ្ញា ឈុំ ឆេងហ័រ តំណាងឱ្យអង្គមីទ្ទិញ បានអានវិយោគកថា ដោយបានលំឱនកាយគោរពដោយក្តីអាឡោះអាល័យជាទីបំផុតចំពោះវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ដោយបានកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេសដោយការបង្អត់អាហារបង្ខំឱ្យធ្វើការជាទម្ងន់ គ្មានវត្តអារាម គ្មានព្រះសង្ឃ គ្មានទីផ្សារ គ្មានសាលារៀន គ្មានតុលាការកាត់ទោស និងយកមនុស្សទៅសម្លាប់ចោលដូចសត្វធាតុ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិនៃការចងចាំថ្ងៃទី ២០ ឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ការរៀបចំទិវាជាតិនៃការចងចាំ ក្នុងគោលបំណងការលើកតម្កើងដល់ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់យ៉ាងអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងដើម្បីលើកតម្កើងក្នុងការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបាត់បង់ជីវិតទៅក៏ដោយក្តី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់តាមខ្លឹមសារនៃសាររបស់សម្តេចមហាបវរធិបតីបន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ជាង៥០០ឆ្នាំ នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ ជូនប្រជាជនកម្ពុជា ហើយបានបង្កើតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។


នៅក្នុងសារលិខិតនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសិក្សាអំពីអតីតកាលឈឺចាប់របស់កម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យមានរបបឃោឃៅព្រៃផ្សៃនេះកើតឡើងជាថ្មី នៅលើទឹកដីសុវណ្ណភូមិនៃយើង និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ សូមចូលរួមគាំទ្រនិងថែរក្សាសុខសន្តិភាពនេះឱ្យនៅស្ថិតស្ថេរចីរកាល ដើម្បីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាយើងសម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយៗទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ព្រមទាំងប្រជាពលរដ្ឋ បានដុតធូបបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





