ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ពិនិត្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ថា ក្រោយពីការបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានទំហំជាង៣១៨ម៉ែត្រការ៉េ គិតមកដល់ពេលនេះមានរយៈពេលសាងសង់ចំនួន២០ថ្ងៃហើយលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ៣៥ភាគរយ ហើយគ្រោងនឹងត្រូវបញ្ចប់នៃការសាងសង់ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់ក្រុមជាងសំណង់ រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានចុះមកពិនិត្យការសាងសង់នេះដើម្បីឱ្យសមស្របតាមប្លង់ និងលក្ខណៈបច្ចេកទេស ដែលបានគ្រោងទុកនឹងបានណែនាំក្រុមជាងសំណង់ធ្វើការកែសម្រួលអំពីគំរូប្លង់មួយចំនួន ដែលមិនទាន់សមស្របដើម្បីធានាឱ្យការបំពេញភារកិច្ច បម្រើអតីតយុទ្ធជនស្របតាមការអភិវឌ្ឍន៍រីកចម្រើនថ្មីនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ឧត្តមប្រឹក្សាព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ការគាំទ្រឱ្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីបម្រើនិរន្តរភាពជូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។


ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រុងប្រៀបរៀបចំធ្វើរបងបែកខាងមុខ និងរៀបចំការដាំដើមឈើ ដើម្បីជាម្លប់ និងធ្វើឱ្យសោភ័ណភាពអគារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំយើងឱ្យកាន់តែល្អប្រសើរឡើង៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





