អនុរដ្ឋមន្ត្រីក្រសួងការបរទេសប៊ុលហ្គារី៖ តាមរយៈឯកឧត្តមឯកអគ្គរាជទូតកម្ពុជាថ្មី ដែលបានស្គាល់ និងយល់ច្បាស់ពីប្រទេសប៊ុលហ្គារី នឹងអាចធ្វើឱ្យមានការអភិវឌ្ឍជាថ្មីរវាងទំនាក់ទំនងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥--
លោកជំទាវ Elena Shekerletova អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប៊ុលហ្គារីបានថ្លែងថា សាធារណរដ្ឋ ប៊ុលហ្គារី និងព្រះរាជាណា ចក្រកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ខ្លាំងជាងឆ្នាំ១៩៩៣កន្លងមក ដោយលោកជំទាវសង្ឃឹមថា តាមរយៈឯកឧត្តមឯកអគ្គរាជទូតថ្មី ដែលជាតំណាងការទូតមួយរូបដែលបានស្គាល់ និងយល់ច្បាស់ពីប្រទេសប៊ុលហ្គារីនេះ នឹងអាចធ្វើឱ្យមានការអភិវឌ្ឍជាថ្មីរវាងទំនាក់ទំនងប្រទេសប៊ុលហ្គារី និងប្រទេសកម្ពុជាបន្ថែមទៀត។ ការថ្លែងបញ្ជាក់របស់លោកជំទាវអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប៊ុលហ្គារីបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម បណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា ចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងសូហ្វ៊ីយ៉ា សាធារណរដ្ឋប៊ុលហ្គារី។
លោកជំទាវ Elena Shekerletova មានប្រសាសន៍ថា ប្រទេសប៊ុលហ្គារី និងប្រទេសកម្ពុជាមានទំនាក់ទំនងផ្នែកការទូត និងផ្នែកសេដ្ឋកិច្ចជាយូរមកហើយ ដែលឆ្នាំនេះគឺជាឆ្នាំទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានកត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើន។ លោកជំទាវ Shekerletova បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងនៃសាធារណរដ្ឋប៊ុលហ្គារីក្នុងការអភិវឌ្ឍទាំងការពិភាក្សានយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។
លោកជំទាវបានសង្កេតឃើញថា ប្រទេសប៊ុលហ្គារី កំពុងមានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសហភាពអឺរ៉ុបទាំងមូលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកំឡុងឆ្នាំថ្មីៗនេះ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពីព្រោះទំនាក់ទំនងទាំងនេះមានសារៈសំខាន់ចំពោះសន្តិសុខក្នុងពិភពលោក និងភាពជាដៃគូសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោកជំទាវបន្ដថា ទំនាក់ទំនងប្រពៃណីដែលមានការចែករំលែករវាងប៊ុលហ្គារី និងកម្ពុជាបានបង្កើតសហគមន៍រវាងប្រទេសទាំងពីរ ដែលឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតមួយរូបដែលយល់ច្បាស់ពីប្រទេសប៊ុលហ្គារី ព្រមទាំងចេះនិយាយភាសាប៊ុលហ្គារីផងដែរ ហើយក៏ជាតំណាង នៃ ទំនាក់ទំនងប្រពៃណី ខណៈឯកឧត្តម ក៏ជាអតីតនិស្សិត ដែលបាន សិក្សា នៅប្រទេសប៊ុលហ្គារី។

លោកជំទាវ Shekerletova បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការតែងតាំង ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក្នុងឋានៈជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី នឹងធ្វើឱ្យមានទំនាក់ទំនងរួមជាមួយការអភិវឌ្ឍរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗគ្នាកាន់តែប្រសើរឡើង។
លោកជំទាវ Shekerletova ក៏បានបង្ហាញពីស្ថានភាពទូទៅ និងមហិច្ឆតារបស់សាធារណរដ្ឋប៊ុលហ្គារី សម្រាប់ការអភិវឌ្ឍទំនាក់ទំនងគ្នានាពេលអនាគតជាមួយព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានរម្លឹកផងដែរថា ក្នុងឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណា ចក្រ កម្ពុជា បាន អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសប៊ុលហ្គារី ហើយក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការពិភាក្សាគ្នារវាង រដ្ឋមន្ត្រី ការបរទេស នៃប្រទេសទាំងពីរផងដែរ។ លោកជំទាវក៏បានកត់សម្គាល់ថា ប្រទេសប៊ុលហ្គារី មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ។ លោកជំទាវបានអះអាងថា ក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មនៃសាធារណរដ្ឋប៊ុលហ្គារី បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការសមស្រប ដើម្បីចាប់ផ្តើមការចរចាលើការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគ ដែលមានការជំរុញនឹងជួយសម្រួលយ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងអង្គភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជាក្រុមហ៊ុន ធនាគារជាដើម។ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា នៅពេលដែលការស្នើសុំត្រូវបានស្តារឡើងវិញ និងជាការជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាក្នុងប្រទេសកម្ពុជា និងប៊ុលហ្គារី ស្វែងរកមធ្យោបាយនៃការចរចាដោយផ្ទាល់ ឬគំនិតផ្តួចផ្តើមអាជីវកម្មរួមគ្នាបន្ថែមទៀត។
លោកជំទាវ Shekerletova បានបន្ដទៀតថា សាធារណរដ្ឋប៊ុលហ្គារី នៅតែកំពុងរង់ចាំសេចក្តីថ្លែងការណ៍របស់ព្រះរាជាណាចក្រកម្ពុជា លើសេចក្តីព្រាងច្បាប់មួយ ដែលត្រូវបានប្រគល់ក្នុងឆ្នាំ ២០២០ សម្រាប់កិច្ចព្រមព្រៀងរវាងក្រសួងអប់រំ វិទ្យាសាស្ត្រហុងហ្គារី និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលកិច្ចព្រមព្រៀងនេះ គឺមានគោលបំណងក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីអាចទៅសិក្សានៅប្រទេសប៊ុលហ្គារី។
លោកជំទាវ Shekerletova បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋប៊ុលហ្គារី មានការកោតសរសើរចំពោះការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះបេក្ខភាពរបស់ប្រទេសប៊ុលហ្គារី ក្នុងឧបសគ្គផ្សេងៗ ដូចជាសម្រាប់ក្រុមប្រឹក្សារដ្ឋបាល និងក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ ដែលជាស្ថាប័នប្រតិបត្តិនៃសហភាពប្រៃសណីយ៍សកលចំពោះអង្គការសហប្រជាជាតិ។ លោកជំទាវបានឱ្យដឹងទៀតថា ប្រទេសប៊ុលហ្គារី សង្ឃឹមថានឹងអាចពឹងផ្អែកលើការគាំទ្ររបស់កម្ពុជា ហើយស្របពេលនេះនឹងមានការបើក ចំហដល់បេក្ខភាពរបស់កម្ពុជាសម្រាប់អង្គការនានា និងមានមោទនភាព ដែលធនធានមនុស្សដែលប៊ុលហ្ការី បានបណ្តុះបណ្តាល ហើយមានសមត្ថភាព និងទទួលតំណែងជាឯអគ្គរាជទូតវិសមាញ្ញ និងពេញសមត្ថភាពមកធ្វើជាស្ពានសម្រាប់ប្រទេសយើងទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានសម្ដែងនូវក្តីរំភើបរីករាយ និងបានពាំនាំការសួរសុខទុក្ខអំពី ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសប្រតិបត្តិការអន្ដរជាតិជូនចំពោះលោកជំទាវ Elena Shekerletova អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប៊ុលហ្គារី និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសហការីទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាល ដែលឯកឧត្ដមបានចូលកាន់តំណែងជាផ្លូវការជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។
ឯកឧត្ដមក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលប៊ុលហ្គារី និងប្រជាជននៃប្រទេសដ៏ស្រស់ស្អាតនេះសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចរបស់ពួកគេ។ ឯកឧត្ដមឯកអគ្គរាជទូតបានជម្រាបជូនថា នេះពិតជាមានកិត្តិយសណាស់ដែលឯកឧត្ដមតំណាងឱ្យប្រទេសកម្ពុជានៅប្រទេសប៊ុលហ្គារី ដែលជាប្រទេសដែលល្បីល្បាញសម្រាប់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជនរបស់ខ្លួន។
ឯកឧត្ដមឯកអគ្គរាជទូតក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរ ហើយព្រះរាជាណាចក្រកម្ពុជាដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ ដ៏សម្បូបែប គួរឱ្យកត់សម្គាល់នោះ មានបំណងចង់ចែករំលែករឿងរ៉ាវរបស់ខ្លួន និងចូលរួមក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យជាមួយប្រជាជនប៊ុលហ្គារី។

ឯកឧត្ដមឯកអគ្គរាជទូតជឿជាក់យ៉ាងមុតមាំថា ការទូតប្រកបដោយប្រសិទ្ធភាព ពឹងផ្អែកលើការកសាងស្ពាននៃការទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ហើយឯកឧត្ដមប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសយើទាំងពីរ តាមរយៈពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។ ទន្ទឹមនេះ ភាពសម្បូរបែបនៃវប្បធម៌របស់ព្រះរាជាណាចក្សកម្ពុជា ដូចជា តន្រ្តី សិល្បៈ ប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្រ្តរបស់យើង ដើរតួជាទ្វារ ដែលយើងអាចជំរុញឱ្យប្រជាជនកម្ពុជាមកកាន់ប៊ុលហ្គារី និង ប្រជាជនប៊ុលហ្គារី ទៅកាន់កម្ពុជា។

ឯកឧត្ដមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ក៏បានបន្ថែមឱ្យដឹងទៀតថា តាមរយៈកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរនឹងរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍វប្បធម៌ដែលនឹងលើកទឹកចិត្តឱ្យមានការយោគយល់ និងមិត្តភាពបន្ថែមទៀតរវាងប្រជាជនរបស់យើងទាំងពីរ កម្ពុជា-ប៊ុលហ្ការី៕ដោយ៖ រិទ្ធី ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី





