សម្ដេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានរួមចំណែកចំនួន៦៣% ក្នុងផលិតផលក្នុងស្រុកសរុប
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ជាពិសេសចូលរួមចំណែកចំនួន៦៣% ក្នុងផលិតផលក្នុងស្រុកសរុប នេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យមដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសនោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាល តាមរយៈការបង្កើតជាសម្ព័ន្ធសមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះឡើង។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

លោកឧកញ៉ា តែ តាំងប៉ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងដោយសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូទាំងអស់បានចូលជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។ លោកឧកញ៉ាក៏បានជម្រាបសម្ដេចតេជោនូវរបាយការណ៍ដែលជាសកម្មភាពក៏ដូចជាសមិទ្ធផលដែលសមាគមបានសម្រេចនាពេលកន្លងមក។ លោកឧកញ៉ា បានជម្រាបជូនសម្ដេចតេជោថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យសមុទ្រនិងបុណ្យទន្លេជាដើម ដែលមានការតាំងពិព័រណ៍នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ហើយនៅក្នុងឱកាសនោះ ក៏មានសកម្មភាពសំខាន់ដែលសមាគមបានធ្វើ ដូចជាការបណ្ដុះបណ្ដាលនៅទូទាំង២០ខេត្ត/ក្រុង គឺការបណ្ដុះបណ្ដាលសហគ្រាសខ្នាតតូចនិងមធ្យម អំពីការគ្រប់គ្រងធនធានមនុស្សនិងការគ្រប់គ្រងអាជីវកម្ម ជាពិសេសគឺការបណ្ដុះបណ្ដាល ក្នុងការឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍបន្ថែមនៅសហគ្រាសក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះ ឧកញ៉ា តែ តាំងប៉ ក៏បានបញ្ជាក់អំពីសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជាមួយរដ្ឋាភិបាលតាំងពីក្នុងបរិបទកូវីដ១៩ ដូចជាការចុះទៅជួយផ្សព្វផ្សាយអប់រំនៅក្នុងបរិបទកូវីដ១៩ ដោយសហគ្រាសធុនតូច និងមធ្យម បានស្វែងយល់ ក៏ដូចជា ឱ្យប្រជាពលរដ្ឋក្នុងការការពារនៅក្នុងសកម្មភាពអំឡុងកូវីដ១៩ នាពេលកន្លងមកផងដែរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានសម្ដែងនូវក្តីរីករាយចំពោះសមិទ្ធផលដែលសមាគមមូលនិធិសម្ដេចតេជោបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការជួយដល់ប្រជាជនកម្ពុជាផងដែរ ជាពិសេសសម្ដេចបានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣ ៦៧០ សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចផងដែរថា សហគ្រាធុនតូច និងមធ្យមត្រូវបានយកចិត្តទុកដាក់ ហើយបន្ទាប់មក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ ក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។ក្នុងឱកាសនោះ សម្ដេចតេជោបានរំលេចបន្ថែម ដោយជំរុញឱ្យសហគ្រាសទុនតូច និងមធ្យមបន្តអនុវត្តជាអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស គឺយុទ្ធសាស្ត្របញ្ជកោណដែលរាជរដ្ឋាភិបាលកំពុងធ្វើ គឺ មានដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥, យុទ្ធសាស្ត្រជាស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ២០១៦-២០២៥, គោលនយោបាយជាតិស្ដីអំពីស្វាយចន្ទី ២០២២-២០២៧, និងគោលនយោបាយជាជាតិស្ដីអំពីដំឡូងមីជាដើម ដែលជាផ្នែកមួយដ៏សំខាន់ ដែលសហគ្រាសធុនតូច និងមធ្យមអាចពិនិត្យនិងអនុវត្តនូវយន្តការស្ដីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាពង្រីកនូវសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន៕
ដោយ៖ ជឹម ណារី





