រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
AKP កំពង់ចាម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- នៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ភ្នំប្រុសភ្នំស្រី ក្នុងស្រុកកំពង់សៀម នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាចងចាំមិនភ្លេចនូវប្រវត្តិសាស្រ្តដ៏សែនជូរចត់បំផុតនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។ យើងទាំងអស់គ្នាបានកត់ត្រាជាប់ជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះនៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនប្រជាជនកម្ពុជាយើង ជាពិសេសពុក ម៉ែ អ៊ុំ ពូ មីង បងៗ ដែលបានឆ្លងកាត់ក្នុងរបបដ៏យង់ឃ្នងនាសម័យនោះ។ យើងទាំងអស់គ្នាចងចាំ មិនអាចបំភ្លេច បាននូវរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ប្រជាជនត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិ សេរីភាព ក្លាយជាទាសករនៅក្នុងគុកឥតជញ្ជាំង។ កម្ពុជាដែលធ្លាប់ជាមាតុភូមិស្រស់បំព្រង បានប្រែក្លាយជាវាលពិឃាតជោគជាំ ដោយឈាម និងទឹកភ្នែករបស់ប្រជាជន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា ផ្ដើមចេញពីសច្ចភាព និងឆ្លើយតបការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី បានវាយឱ្យបរាជ័យជាបន្តបន្ទាប់ នូវកម្លាំងឆ្អឹងខ្នងរបស់ពួក ប៉ុល ពត ហើយទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃទី០៧ មករា ១៩៧៩ ធ្វើឱ្យប្រជាជាតិបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានយកថ្ងៃ២០ ឧសភា ជាទិវាជាតិនៃការចងចាំ ក្នុងការដាស់តឿនដល់កូនខ្មែរគ្រប់រូប។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានយកទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃ២០ ឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះក៏ជាការដាស់ស្មារតីដល់កូនខ្មែរជំនាន់នេះឱ្យស្វែងយល់ពីទុក្ខវេទនា និងការឈឺចាប់របស់អ្នកជំនាន់ដែលបានឆ្លងកាត់ភាពខ្មៅងងឹតនៃប្រវត្តិសាស្រ្តមួយនេះ ដើម្បីទុកជាមេរៀនប្រចាំជីវិតថាការបំផ្លិចបំផ្លាញដោយសារសង្រ្គាម ការបែកបាក់ផ្ទៃក្នុងបាននាំប្រទេសជាតិធ្លាក់ចុះទៅក្នុងសោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់។ ដូច្នេះ យើងទាំងអស់គ្នាដែលកំពុងរស់នៅក្រោមម្លប់នៃសន្តិភាព ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ ឱ្យស្ថិតស្ថេរ គង់វង្ស ចៀសវាងឱ្យបានជាដាច់ខាតនូវការវិលត្រឡប់មកវិញនៃមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះមកលើប្រទេសជាតិជាទីស្រឡាញ់របស់យើង៕
ដោយ ឆាយ ម៉ុត





