ឯកឧត្តម អ៊ុន ចាន់ដា៖ ប្រជាពលរដ្ឋទាំងអស់គ្នារួមគ្នាថែទាំសុខភាព និងរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩
AKP កំពង់ចាម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង និងមន្ត្រីរាជការ និងអង្គភាពសាធារណៈ និងក្រុមហ៊ុនឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រួមគ្នាថែទាំសុខភាពឱ្យបានល្អពិសេសក្នុងការការពារនូវការចម្លងនៃជំងឺកូវីដ-១៩ ដែលកំពុងមានការរាតត្បាតបន្តទៀតនោះ។ សូមបងប្អូន និងជនរួមជាតិ យើងនៅគ្រប់ទីកន្លែង រស់ និងធ្វើការរបស់ខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវខ្ពស់ ដោយត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងពាក់ម៉ាសក្នុងករណីចាំបាច់ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះ ក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ នាថ្ងៃទី២០ ខែឧសភា ឆ្នា២០២៥នេះ នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ភ្នំស្រី ក្នុងស្រុកកំពង់សៀម ដោយមានការរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើង បច្ចុប្បន្ននេះបាន និងកំពុងមានការកើតឡើងបន្ត និងរីករាលដាលនៃឆ្លងដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គភាពសាធារណៈ និងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាអប់រំ ផ្សព្វផ្សាយអំពីការឆ្លងចម្លងវីរុសកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុខភាពរបស់បងប្អូននៅគ្រប់ទីកន្លែង និងមានភាពទទួលខុសត្រូវខ្ពស់ដោយ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងត្រូវពាក់ម៉ាសក្នុងករណីចាំបាច់ណាមួយ៕

ដោយ ឆាយ ម៉ុត





