ឧត្តមសេនីយ៍ត្រី គុជ នាង នាំអាវភ្លៀងដែលជាអំណោយរបស់សម្ដេចតេជោចែកជូនកងពលតូចថ្មើរជើងលេខ៥២
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។

ជួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ លោកឧត្តមសេនីយ៍ត្រី គុជ នាង បានថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជារៀងរាល់ឆ្នាំ សម្តេចតែងតែបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនៅរដូវភ្លៀងតែងតែផ្តល់ជូននូវអាវភ្លៀងមិនដែលអាក់ខាន។

នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ មានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាជ្រះថ្លាវាងវៃ និងជួបនូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





