អង្គការ NatureLife ចាប់ផ្តើមស្វែងរកសំបុកត្រយងយក្ស ក្នុងរដូវកាលថ្មីនៅដែនជម្រកសត្វព្រៃលំផាត់
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- គម្រោងឥណទានកាបូន រេដបូក ត្រូវបានអនុវត្តនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងដ៏សម្បូរបែបនៃធនធានធម្មជាតិ និងជីវចម្រុះ។ ដែនជម្រកនេះផ្ដល់ជាទីជម្រកដល់សត្វកម្រជិតផុតពូជជាច្រើនប្រភេទ ក្នុងនោះមានសត្វត្រយងយក្សដែលជាសត្វបក្សីតំណាងប្រទេសកម្ពុជាក៏កំពុងមានវត្តមាន និងធ្វើការបន្តពូជជារៀងរាល់ឆ្នាំផងដែរ។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា រដូវបន្តពូជរបស់សត្វត្រយងយក្សក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife រួមសហការជាមួយនឹងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការចុះសិក្សាតាមដានស្វែងរក និងអង្កេតតាមដានសំបុករបស់សត្វត្រយងយក្ស។ លទ្ធផលនៃការចុះសិក្សាស្វែងរកសំបុកត្រយងយក្សលើកទី១នៃដើមខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជីវចម្រុះបានរកឃើញសំបុកសត្វត្រយងយក្សចំនួន១សំបុក ដែលសត្វកំពុងធ្វើការសាងសង់។ លើសពីនេះ ក្រុមការងារក៏បានកត់ត្រាសត្វត្រយងយក្សចំនួន៤ក្បាលផ្សេងទៀត ដែលកំពុងទុំលើទ្រនំតែមិនទាន់មានការសាងសង់សំបុកទេ។

ប្រភពដដែលបន្តថា ទីតាំងទាំងពីរខាងលើគឺជាទីតាំងដែលយើងនឹងចុះរកសំបុកនៅពេលខាងមុខបន្តទៀត។ តាមរយៈលទ្ធផលនេះបានបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជាទីជម្រកដ៏សំខាន់មួយក្នុងការគាំទ្រដល់ការរស់រានមានជីវិត និងការបន្តពូជរបស់សត្វបក្សីជាតិកម្ពុជា។ សូមចូលរួមការពារសត្វត្រយងយក្សដែលជិតផុតពូជ និងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





