ចិនមានឆន្ទៈបន្តដើរតួនាទីជាម៉ូទ័រ និងជាម៉ាស៊ីនដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោក
AKP ប៉េកាំង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ -- នៅក្នុងពិធីសម្ភោធសៀវភៅនៃការបោះពុម្ភផ្សាយស្តីពី «ការបោះពុម្ពផ្សាយរបស់ចិនស្តីពីរូបិយប័ណ្ណពិភពលោក» ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោក ហុង ឡី (Hong Lei) ឧបការីរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តដើរតួនាទីជាម៉ូទ័រ និងជាម៉ាស៊ីនដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការ គោលការណ៍បើកចំហរ និងមូលដ្ឋានសមភាព ហើយបន្តរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។
លោក ហុង ឡី បានសង្កត់ធ្ងន់ថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ប្រទេសនានាក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គឺជានិន្នាការនៃសម័យកាល និងសេចក្តីប្រាថ្នារបស់មនុស្សជុំវិញពិភពលោក។ វាជាអនាគត និងជោគវាសនារបស់មនុស្សនៅគ្រប់ប្រទេស។
ទន្ទឹមនឹងនោះដែរ លោក ហុង ឡី បានអះអាងយ៉ាងពេញទំហឹងនូវតម្លៃនៃយុគសម័យដែលត្រូវបានលើកតម្កើងដោយការបោះពុម្ពសៀវភៅ និងទស្សនាវដ្តី និងបានកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់សហគ្រាសចិននៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ លោកបានមានប្រសាសន៍ថា គំនិតនៃការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ក៏ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដោយបានផ្តល់នូវដំណោះស្រាយរបស់ប្រទេសចិនសម្រាប់ប្រទេសនានាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង ហើយទទួលបានការទទួលស្គាល់ និងការគាំទ្រពីប្រទេសមួយចំនួន៕
ដោយ៖ យា ចិន្តាខន្តី





