មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យការងារថែទាំផ្លូវក្រួសក្រហមប្រវែង ១៣គីឡូម៉ែត្រ នៅឃុំតាផូ ស្រុកស្វាយចេក
AKPបន្ទាយមានជ័យថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥--ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះបានដឹកនាំក្រុមការងារអន្តរក្រសួង ដែលមានតំណាងមកពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវមួយខ្សែ ប្រវែង ១៣០០០ម៉ែត្រ (ផ្លូវរលួស-តាផូ) ស្ថិតក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គម្រោងថែទាំផ្លូវនេះ គឺជាគម្រោងលេខ DRR-PM-២០២៤-No.០១៩ ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមអមដំណើរពីលោកស្រី កែវ ពេជ្រតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ តំណាងឱ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេសនៃមន្ទីរផងដែរ។

ឯកឧត្តម អុិន ចន្ថា បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគម្រោងថែទាំផ្លូវនេះបានល្អប្រសើរ ស្របតាមស្តង់ដារបច្ចេកទេស និងបានបញ្ចប់តាមពេលវេលាកំណត់។ ឯកឧត្តមបានបញ្ជាក់ថា ការថែទាំផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចក្រសួងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្លូវថ្នល់ ដែលជាសរសៃឈាមដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។

លោកស្រី កែវ ពេជ្រតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានសម្តែងនូវការយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង ដែលបានផ្តល់កិត្តិយសចុះមកពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវនេះ។
លោកស្រីបានប្តេជ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទផ្សេងៗទៀត ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវរលួស-តាផូ បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការថែទាំផ្លូវនេះ។ ពួកគាត់បានឱ្យដឹងថា ផ្លូវដែលថែទាំនេះ បានធ្វើឱ្យការធ្វើដំណើររបស់ពួកគាត់កាន់តែងាយស្រួល និងចំណេញពេលវេលាជាងមុន ជាពិសេសនៅរដូវវស្សា។ លើសពីនេះ វាក៏បានជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានកាន់តែប្រសើរផងដែរ ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់៕
ដោយ៖ ឈុនសារ៉ាត





