រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំគម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ
AKP កំពង់ធំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ដោយមានការចូលរួមពីឯកឧត្តម រស់ សោភា ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងមន្ទីរវិទ្យាស្ថានស្តង់ដាកម្ពុជា និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតក្នុងគោលបំណងប្រែក្លាយម្ហូបអាហារនៅតាមដងផ្លូវក្នុងខេត្តកំពង់ធំឱ្យមានរបៀបរៀបរយ តាមរយៈការរៀបចំយន្តការគ្រប់គ្រងអាជីវកម្មអាហារដងផ្លូវ ឱ្យមានសណ្តាប់ធ្នាប់សុវត្ថិភាព គុណភាព ប្រកបដោយអនាម័យមានភាពច្នៃប្រឌិត និងសោភ័ណភាព សំដៅបង្កើនភាពទាក់ទាញទេសចរជាតិ-អន្តរជាតិ មកលេងកំសាន្តក្នុងខេត្តកំពង់ធំ។

សូមជម្រាបថាគម្រោងកែលម្អស្តង់ដាអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំនេះគឺជាការគាំទ្ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំ ហើយគម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារជាពិសេសលើមុខរបរបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕



ដោយ ស៊ុម វណ្ណា





