ជនជាតិអាហ្វហ្គានីស្ថានជិត ៤៥០នាក់ត្រូវបានដោះលែងពីពន្ធនាគារប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ -- ការចេញផ្សាយព័ត៌មានពីក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍ បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកទោសអាហ្វហ្គានីស្ថានសរុបចំនួន ៤៣៩នាក់ត្រូវបានដោះលែងពីពន្ធនាគារប៉ាគីស្ថាន ហើយបានត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។
សេចក្តីថ្លែងការណ៍បន្តថា អ្នកត្រឡប់ទៅវិញក្រោយពីទទួលបានជំនួយនៅព្រំដែនត្រូវបានដឹកទៅខេត្តកំណើតរបស់ខ្លួន។ មុននេះ អ្នកទោសអាហ្វហ្គានីស្ថានប្រហែល ៤០០នាក់ដែលជាប់ឃុំឃាំងក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានដោះលែង និងត្រឡប់ទៅស្រុកកំណើតវិញកាលពីសប្តាហ៍មុន។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៧លាននាក់ភាគច្រើនគ្មានឯកសារនៅតែស្នាក់នៅក្រៅប្រទេស ភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន។
រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថានបានជំរុញឱ្យជនអន្តោរប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងរួមចំណែកក្នុងការកសាងឡើងវិញនូវមាតុភូមិដែលហែកហួរដោយសង្គ្រាមរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





