លោក ត្រាំ នឹងពិភាក្សាជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី នៅថ្ងៃចន្ទនេះ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកនឹងពិភាក្សាដាច់ដោយឡែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រ Truth Social ថា «ខ្ញុំនឹងសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ីនៅថ្ងៃចន្ទនេះ វេលាម៉ោង ១០:០០នាទីព្រឹក» ដោយលោកបានបន្ថែមថា ប្រធានបទនៃការសន្ទនាតាមទូរស័ព្ទនេះនឹងត្រូវបានបញ្ឈប់ «ការបង្ហូរឈាម» ដែលកំពុងសម្លាប់ ជាមធ្យមទាហានរុស្ស៊ី និងអ៊ុយក្រែនជាង ៥.០០០នាក់ក្នុងមួយសប្តាហ៍។
លោក ត្រាំ បាននិយាយថា លោកនឹង «ពិភាក្សាជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី នៃប្រទេសអ៊ុយក្រែន បន្ទាប់មកជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី រួមទាំងសមាជិកផ្សេងៗនៃអង្គការណាតូ»។ លោកបានថ្លែងថា «យើងសង្ឃឹមថាវានឹងក្លាយជាថ្ងៃដែលមានផលិតភាព» ហើយ «បទឈប់បាញ់នឹងកើតឡើង»។
ក្នុងការបញ្ចប់កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី កាលពីថ្ងៃសុក្រ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមរៀបចំការចរចារថ្មី និងមានការដោះដូរអ្នកទោសទ្រង់ទ្រាយធំ។ ជាលទ្ធផលសំខាន់នៃកិច្ចចរចារយៈពេលពីរម៉ោង ភាគីទាំងពីរបានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសដែលមានមនុស្ស ១.០០០នាក់មកពីភាគីនីមួយៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





