ភ្ញៀវទេសចរសរសើរការអភិវឌ្ឍខេត្តកំពត ខណៈដែលបុណ្យឈប់សម្រាក២ថ្ងៃភ្ញៀវមកលេងជិត៦ម៉ឺននាក់
AKP កំពត ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥--
ភ្ញៀវទេសចរបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងការយល់ឃើញរបស់ខ្លួនថា កំពតក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា មានការអភិវឌ្ឍឆាប់រហ័ស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ កន្លែងដើរលេងច្រើន សេវាកម្មទេសចរណ៍ផ្សេងៗអាចទទួលយកបាន និងស្នើឱ្យពង្រឹងលើបញ្ហាតម្លៃ។ មន្ត្រីជំនាញថាបុណ្យ២ថ្ងៃនេះទេសចរជិត៦ម៉ឺននាក់បានមកលេងខេត្តកំពត។

ភ្ញៀវទេសចរមកពីខេត្តសៀមរាប និងខេត្តកណ្តាល បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងពេលបានមកឈរនៅលើទឹកដីក្រុងកំពត ដែលមានទេសភាពដ៏ស្រល់ត្រកាល មានមនុស្សមកលេងច្រើន ហើយការរៀបចំអនាម័យបរិស្ថានបានស្អាត ទន្ទឹមនឹងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ។ ពិសេសពេញចិត្តគំនិតផ្តួចផ្តើមដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលធ្វើឱ្យខេត្តតារារះទិសនិរតីមួយនេះ មានភាពទាក់ទាញ់ និងលេចធ្លោជាងគេទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ពួកគេបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់រៀបចំកន្លែងស្អាត់ៗ សម្រាប់ឱ្យពួកគេមកដើរកម្សាន្ត និងស្នើឱ្យជួយពង្រឹងសេវាកម្មទេសចរណ៍ ឱ្យកាន់តែប្រសើរថែមទៀត ពិសេសលើបញ្ហាកំណត់តម្លៃ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា សម្រាប់ថ្ងៃឈប់សម្រាកពីរថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងបុណ្យច្រត់ព្រះនង្គ័ល ទេសចរជាតិ និងអន្តរជាតិ បានមកលេងខេត្តកំពតសរុប ៥៩ ៤២០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥៨ ៦២៥នាក់ និងភ្ញៀវបរទេស៧៩៥នាក់។ ចំនួនភ្ញៀវច្រើនលើសពីការរំពឹងទុក ជាក់ស្តែងសេវាស្នាក់នៅក្នុងក្រុងពេញអស់ រហូតលេចលឺការរអ៊ូរទាំពីភ្ញៀវមួយចំនួនផងដែរ ប៉ុន្តែជារួម សេវាកម្មផ្សេងៗមានភាពល្អប្រសើរ ភ្ញៀវមានទឹកមុខសប្បាយរីករាយ ហើយមិនមានបាតុភាពអ្វីមួយ កើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

ដោយ ប្រាក់ លាង





