កម្លាំងនគរបាលនៅខេត្តកំពតប្តេជ្ញាចិត្តការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ
AKP កំពត ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥--
កម្លាំងនគរបាលនៅខេត្តកំពតបានបញ្ជាក់ថា ក្រោមការណែនាំចង្អុលបង្ហាញ និងលើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទោស្នងការ និងអភិបាលស្រុក ពួកគាត់បានបំពេញការងារដោយមោទនភាព និងក្តីសប្បាយរីករាយជូនពលរដ្ឋ។ ហើយនៅថ្ងៃខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ ) ពួកគាត់បានប្តេជ្ញាចិត្តការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ។

លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា ស្រុកទឹកឈូ មានកម្លាំងនគរបាលសរុប១០៣នាក់ (កម្លាំងអធិការដ្ឋាន៣៣នាក់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ៧០នាក់)។ រាល់ថ្ងៃការងារចាំបាច់មានពីរ៖ ទី១. ការងារផ្តល់សេវាចាំបាច់ និងទី២. ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលរួមបញ្ចូលទាំងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន និងបញ្ហាក្មេងទំនើង។

លោកអធិការស្រុកទឹកឈូបានប្តេជ្ញាចិត្តថានឹងបន្តខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋពោរពេញដោយស្នាមញញឹមនៅគ្រប់មូលដ្ឋាន។
ចំណែក លោក ស៊ុម សូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង ស្រុកទឹកឈូ ក៏បានប្តេជ្ញាចិត្តដែរថា នឹងរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ការពារ និងបម្រើពលរដ្ឋដោយទឹកចិត្តស្មោះសបំផុត។

កម្លាំងប៉ុស្តិ៍ត្រពាំងព្រីងមាន៥នាក់ ប្រជាការពារក្នុងឃុំមាន៦២នាក់ ហើយការងារចាំបាច់មានពីរ៖ ទី១ការបម្រើសេវាសាធារណៈ និងទី២. ការយាមល្បាតចល័តនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅជូនពលរដ្ឋ ទេសចរ និងថ្នាក់ដឹកនាំ៕
ដោយ ប្រាក់ លាង





