ប្រធានទីភ្នាក់ងារសព្វាវុធពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិនៅប្រទេសអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមរដ្ឋបាលកម្មវិធីការពារជាតិ (DAPA) បាននិយាយថា ប្រធានទីភ្នាក់ងារលទ្ធកម្មអាវុធរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូងបានជួបមន្ត្រីការពារជាតិជាន់ខ្ពស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីសហប្រតិបត្តិការលើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនៅមជ្ឈិមបូព៌ា។
ប្រធានរដ្ឋបាល DAPA លោក ស៊ុក ជុងហ្គន់ (Seok Jong-gun) បានទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅដើមសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីធ្វើពិពិធកម្មការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ា និងអាមេរិកឡាទីន។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ស៊ុក បានជួបពិភាក្សាជាមួយ លោក សាឡេហ៍ ប៊ីន អាប់ឌុលរ៉ាហ៍ម៉ាន់ អាល់ ហារប៊ី (Saleh bin Abdulrahman Al-Harbi) ប្រធានបុគ្គលិកឆ្មាំជាតិ ហើយបានពន្យល់លោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការពង្រឹងការនាំចេញអាវុធ ក៏ដូចជាការពង្រឹងសមត្ថភាពឧស្សាហកម្មអាវុធផ្ទាល់ខ្លួនរបស់ទីក្រុងរីយ៉ាដ។ នេះបើយោងតាមរដ្ឋបាល DAPA ។
មន្ត្រីទាំងពីរបានឯកភាពគ្នាថា កិច្ចខិតខំប្រឹងប្រែងទ្វេភាគីដើម្បីធ្វើទំនើបកម្មឆ្មាំជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងដំណើរការដោយរលូន ហើយបានប្តេជ្ញាថានឹងសម្រេចបានលទ្ធផលជាក់ស្តែងនៅចុងឆ្នាំនេះ។
លោក ស៊ុក ក៏បានជួបពិភាក្សាជាមួយ លោក អាហ៍ម៉ាដ អាប់ឌូឡាហ្សីហ្ស អាល់ អូហាលី (Ahmad Abdulaziz Al-Ohali) ទេសាភិបាលនៃអាជ្ញាធរទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ឧស្សាហកម្មយោធា ហើយបានយល់ព្រមបង្កើតក្រុមការងារជាមួយរដ្ឋបាល DAPA ដើម្បីពិភាក្សាអំពីការបង្កើតផែនការសម្រាប់ធ្វើមូលដ្ឋានីយកម្ម។
ប្រធានរដ្ឋបាល DAPA បាននិយាយថា ដំណើរទស្សនកិច្ចបានកើតឡើងត្រឹមតែ ៤ខែបន្ទាប់ពីដំណើររបស់លោកទៅកាន់ប្រទេសក្នុងខែមករា ហើយបានជួយបង្កើតកាលៈទេសៈសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអាវុធទ្វេភាគី និងការអភិវឌ្ឍប្រទេសអារ៉ាប៊ីសាអូឌីតទៅជាមជ្ឈមណ្ឌលតំបន់មជ្ឈិមបូព៌ាសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





