មនុស្សម្នាក់បានស្លាប់ និង១២នាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដៃនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ -- ប៉ូលិសក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃនៅក្នុងទីក្រុងកេតតា រដ្ឋធានីនៃខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
យោងតាមប៉ូលិសបានឱ្យដឹងថា ជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃពីរគ្រាប់នៅក្នុងការជួបជុំអ្នកនយោបាយមួយនៅជិតផ្លូវ Munir Mengal នៃទីក្រុង។ ការជួបជុំនេះត្រូវបានដឹកនាំដោយ លោក អាលី ម៉ាដាដ ជេតាកាក់ (Ali Madad Jtakak) សមាជិកសភាខេត្តបាឡូជីស្ថាន និងជាមេដឹកនាំគណបក្សប្រជាជនប៉ាគីស្ថាន (PPP)។
កម្លាំងប៉ូលិស កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានឆ្លើយតបភ្លាមៗទៅកាន់កន្លែងកើតហេតុ ហើយបានដឹកអ្នកស្លាប់ និងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតមួយផ្នែកដល់រថយន្ត និងរ៉ឺម៉កមួយគ្រឿង។
កម្លាំងសន្តិសុខបានបិទតំបន់នោះ ហើយបានចាប់ផ្តើមស៊ើបអង្កេត និងធ្វើកោសល្យវិច្ច័យដើម្បីតាមដានជនដៃដល់។ មិនទាន់មានក្រុមណាមួយមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





