លោក ស៊ី អបអរសាទរប្រធានាធិបតីតូហ្គោដែលចូលកាន់តំណែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសម្តែងការអបអរសាទរចំពោះ លោក ចៀន លូសេន សាវី ដឺ តូវេ (Jean-Lucien Savi de Tove) ក្នុងការចូលកាន់តំណែងជាប្រធានាធិបតីតូហ្គោ។
លោក ស៊ី ក៏បានផ្ញើសារអបអរសាទរទៅកាន់ លោក ហ្វូរេ ណាស់ស៊ីងបេ (Faure Gnassingbe) ក្នុងការចូលកាន់តំណែងជាប្រធានទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសតូហ្គោ។
លោក ស៊ី បាននិយាយថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងតូហ្គោ ត្រូវបានបង្កើតឡើងរួមគ្នាយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍ថា ជាងកន្លះសតវត្សមកហើយ ភាគីទាំងពីរតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មិត្តភាព សមភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសទាំងពីរតែងតែគាំទ្រយ៉ាងរឹងមាំគ្នាទៅវិញទៅមកលើបញ្ហាផលប្រយោជន៍ស្នូល និងកង្វល់ធំៗ ហើយបានក្លាយទៅជាគំរូនៃភាពស្មើគ្នាក្នុងចំណោមប្រជាជាតិ ដោយមិនគិតពីទំហំ ក៏ដូចជាការរួបរួម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ភាគខាងត្បូង។
លោកបាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន និងតូហ្គោបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី។
លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-តូហ្គោ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយមេដឹកនាំប្រទេសតូហ្គោ ដើម្បីយកការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកា FOCAC ជាឱកាសដើម្បីបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបន្តពង្រឹងអត្ថន័យនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ហើយផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





