ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន៣៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅស្រុករវៀង ខេត្ដព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ -- លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៣៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅស្រុករវៀង ខេត្ដព្រះវិហារ ដើម្បីធានាដល់សិទ្ធិប្រើប្រាស់ និងកាន់កាប់ដីធ្លីត្រឹមត្រូវស្របតាមច្បាប់។ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ បានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ ភូមិរវៀងត្បូងស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

យោងតាមរបាយការណ៍របស់លោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះវិហារបានអោយដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការ ងារចុះបញ្ជីដីធ្លី និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្នុងការវាស់វែង និងគូសប្លដី គម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិរវៀង ត្បូង ស្រុក រវៀង ខេត្តព្រះវិហារត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ក្បាលដីចំនួន ៤០១ក្បាលដី ឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន ៣៩៤ក្បាលដី ក្នុងនោះ ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ មានចំនួន ៣៩២ ប័ណ្ណ ជាកម្មសិទ្ធិរបស់រដ្ឋមានចំនួន ២ប័ណ្ណ និងរក្សាទុកមិនចេញប័ណ្ណមានចំនួន ៧ក្បាលដី (ជាដីគ្មានទិន្នន័យ)។

ក្នុងឱកាសនោះ លោក មិន ស៊ីថា បានថ្លែងថា ប័ណ្ណកម្មសិទ្ធដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារ ឱ្យកាន់តែប្រសើរឡើង។ លោកអភិបាលរងខេត្ដក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ចៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចផ្សេងៗ។

លោកអភិបាលរងខេត្ដបានបញ្ជាក់ផងដែរថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ដក៏បានលើកឡើងពីកត្តា សុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ៕




ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





