កម្ពុជា រៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា អន្តរជាតិ លើកទី១៦ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ-អន្ដរជាតិ លើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ -- សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិព័រណ៍ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា អន្តរជាតិលើកទី១៦ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ-អន្ដរជាតិ ឱ្យបានយល់ដឹងអំពីការវិវត្តរីកចម្រើន និងចក្ខុវិស័យយូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា។ ការរៀបចំពិព័រណ៍នេះ បានធ្វើឡើងនៅអគារមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៥ នេះ ដោយបានអញ្ជើញជាអធិបតីភាពពីឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា អន្តរជាតិ លើកទី១៦ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា។

លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើដំណើរពីតាម បណ្តាប្រទេសនានា ក៏ដូចតាមបណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍ គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៦ ឆ្នាំ២០២៥។ លោកជំទាវលើកឡើងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ បើទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនក្តី។ ក្នុងស្មារតីកិច្ចខិតខំ ប្រឹងប្រែងធ្វើឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទ ល្បីរន្ទឺរបស់ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាក អន្តរជាតិ. ដែលការណ៍នេះ នឹងញ៉ាំងឲ្យមានការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការ និង ត្បូងមានកម្លៃ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនកុះករថែមទៀត។

ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ សមាគមក៏បានចុះកិច្ចសហការជាមួយសមាគមគ្រឿងអលង្ការបរទេស ដើម្បីងាយស្រួលដល់ពាណិជ្ជករបរទេសមកវិនិយោគលើ វិស័យគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនេះសមាគមបរទេសដែលយើងចុះកិច្ចសហការទាំងនោះរួមមាន៖ សមាគមគ្រឿង អលង្ការវៀតណាម, សមាគមគ្រឿងអលង្ការថៃ (AGJA), សមាគគ្រឿងអលង្ការម៉ាឡេស៊ី, សមាគមគ្រឿង អលង្ការឥណ្ឌា ។ល។ មិនតែប៉ុណ្ណោះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ក៏បានចុះកិច្ចសហការជាមួយធនាគារ ABA (Advanced Bank of Asia Limited : ធនាគារវឌ្ឍនៈអាស៊ីចំកាត់) ដើម្បីផ្តល់ភាពងាយស្រួលដល់សមាជិកសមាជិកាសមាគមក្នុងការបើកគណនីជាក្រុមហ៊ុន ឬគណនីឯកត្តបុគ្គល។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លក្ខណៈអន្តរជាតិនេះឡើង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនេះ សមាគមបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាព បុរេសកម្ម ជាក់ស្តែងនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញលើកកម្ពស់ និងការតាំងបង្ហាញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា និងនៅលើឆាកអន្តរជាតិ បង្កើតឱកាសក្នុងការផូផ្គងរវាងធុរជនក្នុងនិងក្រៅប្រទេស ជំរុញអភិវឌ្ឍន៍ និងនវានុវត្ត ឧស្សាហកម្មផលិតគ្រឿងអលង្ការ និងកែច្នៃត្បូង ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យនេះនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចផងដែរចំពោះសមិទ្ធផល ដែលសមាគមសម្រេចបាននាឆ្នាំកន្លងទៅ ជាពិសេសលើការសម្រេចបាននូវការចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីកិច្ចសហការជាមួយសមាគម គ្រឿងអលង្ការបរទេសនានា មាន៖ ប្រទេសវៀតណាម, ព្រះរាជាណាចក្រថៃ, ប្រទេសម៉ាឡេស៊ី, និងប្រទេសឥណ្ឌា ជាសមិទ្ធផលមួយ ដែលស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ។ នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិ និងអន្តរជាតិ បានដាក់បង្ហាញនូវផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួន ដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ៕




ដោយ៖ រិទ្ធី





