ស្ថានីយ៍ចាយូគាន គឺជាស្ថានីយ៍ដំបូងបង្អស់របស់ចិនសម្រាប់ការស្រាវជ្រាវបន្លែធន់នឹងសីតុណ្ហភាពត្រជាក់
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥--ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ស្ថានីយ៍ដាំដុះបន្លែចាវយូគាន (Chayouqian) គឺជាស្ថានីយ៍ដំបូងបង្អស់របស់ប្រទេសចិនសម្រាប់ការស្រាវជ្រាវបន្លែធន់នឹងសីតុណ្ហភាពត្រជាក់។ នេះបើយោងតាមលោក គ័ន ហ៊ុយមីង (Guan Huiming) ប្រធានស្ថានីយ៍សិក្សាបន្លែសីតុណ្ហភាពត្រជាក់ចាយូគានបស់ប្រទេសចិន ដែលលោកត្រូវបានផ្តល់កិត្តិយសជាបុគ្គលគំរូជាតិឆ្នាំ២០២៤ សម្រាប់ឯកភាពជាតិ និងវឌ្ឍនភាព។

ស្ថានីយ៍ដាំដុះបន្លែនេះស្ថិតនៅទីតាំងភូមិសាស្ត្រ និងលក្ខខណ្ឌអាកាសធាតុតែមួយគត់នៅក្នុងទីក្រុងយូឡានកាប (Ulangab) នៃតំបន់ស្វយ័តម៉ុងហ្គោលីក្នុង ដោយស្ថិតនៅរយៈទទឹង 41°N កម្ពស់ ១.៤០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រភាគខាងជើងនៃភ្នំយីន (Yin) ជាមួយនឹងសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំនៅរដូវត្រជាក់ គឺ ៤,៣អង្សាសេ និងរដូវក្តៅជាមធ្យម ១៨អង្សាសេ។

កាលពីដើមឆ្នាំ២០០០ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីផ្សារក្នុងស្រុក ក្រុមពាណិជ្ជករ កសិករ និងអ្នកបច្ចេកទេសកសិកម្ម បានចាប់ផ្តើមដាំដុះបន្លែមួយចំនួនដែលធន់នឹងសីតុណ្ហភាពត្រជាក់ ដូចជាការ៉ុត និងខ្ទឹមបារាំងជាដើម ដោយវាបានរកប្រាក់ចំណូលសុទ្ធឱ្យកសិករក្នុងម្នាក់បានលើសពី ១.០០០យន់ ដែលជំរុញទឹកចិត្តយ៉ាងខ្លាំងដល់ការដាំដុះរបស់ពួកគេ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ស្ថានីយ៍សិក្សាស្រាវជ្រាវបន្លែធន់នឹងសីតុណ្ហភាពត្រជាក់នេះ បានជួយសម្រួលដល់ការពង្រីកការដាំដុះបន្លែធន់នឹងភាពត្រជាក់របស់ទីក្រុងយូឡានកាបបានដល់ទៅប្រហែល ៣៣.៣៣៣ហិកតា ដែលបង្កើតបានតម្លៃទិន្នផលប្រចាំឆ្នាំចំនួន ២,៤ពាន់លានយន់ (ជាង ៣០០លានដុល្លារអាម៉េរិក) ហើយគំនិតផ្តួចផ្តើមនេះ បានបង្កើតឱកាសការងារសម្រាប់កសិករជាង ៣០០.០០០នាក់មកពីក្រុមជនជាតិផ្សេងៗនៅទូទាំងតំបន់៕

ដោយ៖ យា ចិន្តាខន្តី





