ចង្កោមភ្នំភ្លើងយូឡានហាបនៅម៉ុងហ្គោលីក្នុង ទទួលបានកេរ្តិ៍ឈ្មោះជា «សារមន្ទីរភ្នំភ្លើងធម្មជាតិ»
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ -- ចង្កោមភ្នំភ្លើងយូឡានហាប (Ulanhad) ដែលមានភ្នំភ្លើងជាង ២០កន្លែងហើយគ្របដណ្តប់លើផ្ទៃដីប្រមាណ ២៨០គីឡូម៉ែត្រក្រឡា ពោរពេញដោយទេសភាពភូមិសាស្ត្រប្លែកៗ ដូចជាភ្នំភ្លើងវាលស្មៅ និងទម្រង់ដីកម្អែភ្នំភ្លើងជាដើមនោះ ត្រូវបានទទួលកេរ្តិ៍ឈ្មោះជា «សារមន្ទីរភ្នំភ្លើងធម្មជាតិ» និងជាវាលភ្នំភ្លើងប្រេះបែកទ្វីបដ៏កម្រទាំងក្នុងស្រុក និងអន្តរជាតិ។

ភ្នំភ្លើងនេះស្ថិតនៅក្នុងស្រុកយូឡានកាប (Ulanqab) នៃខេត្តម៉ុងហ្គោលីក្នុងរបស់ប្រទេសចិន ដែលត្រូវបានកត់សម្គាល់ជាតំណាងឱ្យចង្កោមភ្នំភ្លើងសម័យ Holocene តែមួយគត់ជាមួយនឹងការផ្ទុះដែលបានកត់ត្រានៅតាមបណ្តោយគែមខាងត្បូងនៃខ្ពង់រាបម៉ុងហ្គោលីក្នុង ហើយត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តីភូមិសាស្រ្តជាតិ (National Geographic) របស់ប្រទេសចិន។ ចង្កោមភ្នំភ្លើងយូឡានហាបមានភាពលេចធ្លោជាមួយនឹងទិដ្ឋភាពផ្ទៃកោណដ៏ស្រស់ស្អាត និងអស្ចារ្យរបស់វា ហើយរចនាសម្ព័ន្ធរបស់ចង្កោមភ្នំភ្លើងនេះមានភាពគួរឱ្យកត់សម្គាល់ជាមួយនឹងអាកាសធាតុ និងសំណឹកតិចតួច។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ចង្កោមភ្នំភ្លើងនេះបានអនុវត្តយុទ្ធសាស្រ្តធ្វើឱ្យជនបទរស់ឡើងវិញដោយប្រើប្រាស់អត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រ និងអេកូឡូស៊ីតែមួយគត់នៃវាលស្មៅភ្នំភ្លើងនេះក្នុងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ និងបង្កើតឱ្យមានសេវាកម្មផ្ទះស្នាក់លំហែនៅជាដើម។

តាមរយៈការបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ភ្ញៀវទេសចរសម័យទំនើបដែលទៅទស្សនាចង្កោមភ្នំភ្លើងនេះសម្រាប់ការស្នាក់នៅប្រកបដោយបទពិសោធន៍នោះ គំនិតផ្តួចផ្តើមនេះបានជំរុញនូវការលក់ផលិតផលកសិកម្ម និងបសុសត្វក្នុងស្រុកក្នុងពេលដំណាលគ្នា និងជំរុញកំណើននៅទូទាំងវិស័យឧស្សាហកម្មទឹក។ ផ្ទះស្នាក់លំហែដែលមានប្រធានបទភ្នំភ្លើងប្លែកៗទាំងនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការគាំទ្រដល់ដល់ការរស់ឡើងវិញនៅតាមជនបទ ជំរុញការរួមបញ្ចូលនូវវប្បធម៌-ទេសចរណ៍ និងរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយគុណភាពខ្ពស់៕


ដោយ៖ យា ចិន្តាខន្តី





