ក្រុមហ៊ុនថាមពលខ្យល់ដ៏ធំរបស់ចិនអាចបង្កើតថាមពលលើសពី ៣,៦ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង ដែលអាចកាត់បន្ថយកាបូនឌីអុកស៊ីតប្រមាណ ៣,៦ពាន់លានតោន
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ -- ក្រុមហ៊ុនថាមពលខ្យល់ Windey Energy Technology Group Co., Ltd ដែលស្ថិតនៅក្រោមក្រុមហ៊ុនថាមពល Yunda Group គឺជាសហគ្រាសរដ្ឋដ៏ធំមួយដែលគ្រប់គ្រងដោយ SASAC នៃខេត្ត ហ្សេជាំង និងជាក្រុមហ៊ុនថាមពលខ្យល់ដ៏ធំមួយរបស់ប្រទេសចិនដែលបានបង្កើតប្រព័ន្ធបង្កើតទួរប៊ីនខ្យល់ (WTGS) ដើម្បីភ្ជាប់បណ្តាញអគ្គីសនីដំបូងគេនៅក្នុងប្រទេសចិន ហើយជាមួយនឹងពេលវេលាប្រតិបត្តិការដ៏យូរបំផុតរបស់ WTGS ជាង ២០ឆ្នាំ វានឹងបង្កើតថាមពលបានលើសពី ៣,៦ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងកាត់បន្ថយកាបូនឌីអុកស៊ីតបានប្រមាណ ៣,៦ពាន់លានតោន។

ក្រុមហ៊ុន Windey គឺជាក្រុមហ៊ុនថាមពលដំបូងបំផុតដែលបានចូលរួមក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថាមពលថ្មី និងការអភិវឌ្ឍផលិតផលនៅក្នុងប្រទេសចិន ហើយជាក្រុមហ៊ុនត្រួសត្រាយ ច្នៃប្រឌិត និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន។
ក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធបង្កើតទួរប៊ីនខ្យល់ (WTGS) ដែលភ្ជាប់បណ្តាញអគ្គិសនីដំបូងគេនៅក្នុងប្រទេសចិន ហើយបានចូលរួមយ៉ាងស៊ីជម្រៅក្នុងវិស័យថាមពលថ្មីអស់រយៈពេលជាង ៥០ឆ្នាំកន្លងមក។ ក្រុមហ៊ុននេះ គឺជាសហគ្រាសផលិតឧបករណ៍ថាមពលថ្មីឈានមុខគេ និងជាសហគ្រាសសេវាកម្មថាមពលដ៏ទូលំទូលាយនៅក្នុងប្រទេសចិន។

ជាមួយនឹងសំណើនៃកម្រិតជាតិកាបូន «៣០-៦០» និងគោលដៅអព្យាក្រឹតភាពកាបូន ក្រុមហ៊ុន Yunda Group បានបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មសំខាន់ៗចំនួន៦ ដែលរួមបញ្ចូលនូវការផលិតឧបករណ៍ថាមពលខ្យល់ ការអភិវឌ្ឍ និងប្រតិបត្តិការថាមពលស្អាត ការចុះកិច្ចសន្យាទូទៅវិស្វកម្មថាមពលថ្មី ផលិតផលប្រព័ន្ធផ្ទុកថាមពល សេវាកម្មថាមពលឆ្លាតវៃ និងការប្រើប្រាស់ថាមពលថ្មី (អាម៉ូញាក់អ៊ីដ្រូសែន) យ៉ាងសកម្មក្នុងការកសាងសហគ្រាសថាមពលថ្មីថ្នាក់ដំបូងដែលផ្តោតសំខាន់ទៅលើថាមពលកាបូនថ្មី។

បេសកកម្មរបស់ក្រុមហ៊ុន គឺរួមចំណែកនៅក្នុងអគ្គិសនីស្អាត និងថាមពលបៃតងដល់មនុស្សជាតិ និងស្ដារផ្ទៃទឹក និងផ្ទៃមេឃពណ៌ខៀវធម្មជាតិ ដោយមានគោលដៅក្លាយជាសហគ្រាសសេវាកម្មថាមពលថ្មីដែលមានភាពជឿនលឿន និងមានការប្រកួតប្រជែងជាអន្តរជាតិ ហើយក្រុមហ៊ុននេះនឹងបន្តរិះរក និងច្នៃប្រឌិត ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការសាងសង់ប្រព័ន្ធថាមពល និងថាមពលថ្មីសម្រាប់ប្រទេស និងធ្វើការរួមចំណែកជាវិជ្ជមានក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយកាបូនទ្វេដង និងអភិបាលកិច្ចអាកាសធាតុសកលផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





