ឧទ្យានចម្លាក់អន្តរជាតិ Hohhot ត្រូវបានរចនាឡើងក្រោមប្រធានបទ «វប្បធម៌ព្រំដែនភាគខាងជើង»
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ -- ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអន្តរជាតិពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅកាន់ទីក្រុង Hohhot នៅតំបន់ស្វយ័តម៉ុងហ្គោលីក្នុងនោះ អ្នកសារព័ត៌មានទាំងអស់បានទៅទស្សនកិច្ចនៅឧទ្យានចម្លាក់អន្តរជាតិ Hohhot ដ៏គួរឱ្យចាប់អារម្មណ៍ដែលត្រូវបានរចនាឡើងក្រោមប្រធានបទ «វប្បធម៌ព្រំដែនភាគខាងជើង»។ ឧទ្យាននេះមានការរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងបរិស្ថានជុំវិញធម្មជាតិ ជាមួយនឹងផ្ទៃបៃតងស្រស់ដ៏គួរឱ្យទាក់ទាញទំហំ ៣៧.០០០ម៉ែត្រក្រឡា។
ការរចនាដោយការដាំស្មៅនៅលើដំបូល និងតំបន់ជុំវិញ បានធ្វើឱ្យឧទ្យានចម្លាក់អន្តរជាតិនេះមើលពីចម្ងាយហាក់ដូចជាវាលស្មៅមួយដ៏ធំល្វឹងល្វើយ និងមានភាពស្រស់បំព្រងគ្រប់រដូវកាល ដោយបង្កើននូវភាពទាក់ទាញ និងស្រស់ស្រាយ។
វាលស្មៅដ៏ធំទូលាយនេះ ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំៗ ជាពិសេសសម្រាប់ព្រឹត្តិការណ៍ខួបលើកទី៧០ នៃការបង្កើតតំបន់ស្វយ័តម៉ុងហ្គោលីក្នុង។
នៅឧទ្យានចម្លាក់អន្តរជាតិនេះ អ្នកទស្សនានឹងបានស្វែងយល់ និងបានស្គាល់អំពីទេសភាពដ៏អស្ចារ្យ ស្វែងយល់ពីសារៈសំខាន់វប្បធម៌នៃរូបចម្លាក់នៃការច្នៃប្រឌិត និងជាស្នាដៃរបស់សិល្បករល្បីៗទាំងជនជាតិចិន និងបរទេស៕




ដោយ៖ យា ចិន្តាខន្តី





