ក្រុមហ៊ុន M-Grass ៖ ស្មៅកម្រិតខ្ពស់ត្រូវបានបង្កើតឡើងដើម្បីការស្តារឡើវិញនូវប្រព័ន្ធអេកូឡូស៊ី
AKP ម៉ុងហ្គោលីក្នុង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ -- អ្នកសារព័ត៌មានចំនួន ៣៥នាក់មកពី ២៣ប្រទេសនៃតំបន់អាស៊ីប៉ាស៊ីហ្វិក បានទៅទស្សនកិច្ចក្រុមហ៊ុន M-Grass ដែលផ្តល់ជូននូវផលិតផលគុណភាពខ្ពស់ និងសេវាកម្មបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងការផលិតគ្រាប់ពូជស្មៅ។
ក្រុមហ៊ុន M-Grass កំពុងគ្រប់គ្រងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រជាង៣០ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មជាតិសម្រាប់ការគ្រប់គ្រងការបំផ្លិចបំផ្លាញដោយខ្យល់ និងវាលខ្សាច់ក្រោមការគ្រប់គ្រងព្រៃឈើ និងវាលស្មៅជាតិ (NFGA) និងមន្ទីរពិសោធន៍គន្លឹះសម្រាប់ការដាំដុះ ការការពារ និងការកែលម្អនៃក្រសួងកសិកម្មរបស់ប្រទេសចិន។
ក្រុមហ៊ុនបានសាងសង់ប្រព័ន្ធឧស្សាហកម្មរួមបញ្ចូលគ្នាសម្រាប់ការអភិរក្ស ការបង្កាត់ពូជ ការបន្តពូជ និងការផ្សព្វផ្សាយ។
ក្រុមហ៊ុនបានបង្កើតប្រព័ន្ធបច្ចេកវិជ្ជាបង្កាត់ពូជស្មៅកម្រិតខ្ពស់ និងបានដឹកនាំការបង្កើតស្តង់ដារចំនួន៥១៣ រួមទាំងការបញ្ជាក់បច្ចេកទេសសម្រាប់ការស្ដារឡើងវិញនូវស្មៅដែលខូចគុណភាព (GB/T 37067-2018)។ ក្រុមហ៊ុននេះបានជាប់ចំណាត់ថ្នាក់ទីប្រាំមួយនៅទូទាំងពិភពលោកសម្រាប់ប៉ាតង់ឧស្សាហកម្មគ្រាប់ស្មៅ ហើយត្រូវបានអនុម័តឱ្យដំណើរការជាមជ្ឈមណ្ឌលប្រតិបត្តិការកម្មសិទ្ធិបញ្ញាជាតិដំបូងគេរបស់ប្រទេសចិនសម្រាប់ឧស្សាហកម្មស្មៅ។
ក្រុមហ៊ុន M-Grass បានបង្កាត់ពូជ និងអនុវត្តប្រភេទរុក្ខជាតិដើមកំណើតចំនួន ២៩៥ប្រភេទនៅទូទាំងតំបន់អេកូឡូស៊ីផ្សេងៗ ដោយកាន់កាប់កម្មសិទ្ធិបញ្ញាឯករាជ្យ ឬសិទ្ធិប្រើប្រាស់សម្រាប់ ១០៥ប្រភេទក្នុងចំណោមនោះ។ ក្នុងចំណោមពូជស្មៅទាំងនោះ មាន ២៥ប្រភេទត្រូវបានរួមបញ្ចូលនៅក្នុង «កម្មវិធីព្រៃឈើជម្រកទាំងបីនៅភាគខាងជើង» (TSFP) ផងដែរ។ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានផលិតគ្រាប់ពូជដែលមានគុណភាពខ្ពស់លើផ្ទៃដី ១៨.៧០០ហិកតា ដោយបានផ្តល់ជូននូវផលិតផលតាមតម្រូវការ «ដីមួយ ផែនការមួយ» រួមទាំងកញ្ចប់គ្រាប់ពូជ ខ្សែគ្រាប់ពូជ និងប្លុកគ្រាប់ពូជ ដែលរួមមានការបញ្ចូលគ្នានៃដើមឈើ ស្មៅ ភ្នាក់ងាររក្សាទឹក ជីសរីរាង្គ និងជីអតិសុខុមប្រាណ ដែលត្រូវបានកែសម្រួលដើម្បីបំពេញតាមតម្រូវការនៃការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីចម្រុះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះផ្តល់នូវការគាំទ្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់សម្រាប់វឌ្ឍនភាពនៃគម្រោង TSFP។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន M-Grass បានស្ដារឡើងវិញនូវផ្ទៃដីប្រមាណជិត ២,២លានហិកតានៃតំបន់ទេសភាពអេកូឡូស៊ីផ្សេងៗ ដែលរួមមានទាំងតំបន់វាលស្មៅ អណ្តូងរ៉ែ វាលខ្សាច់ និងដីអំបិលអាល់កាឡាំងជាដើម៕


ដោយ៖ យា ចិន្តាខន្តី





