ក្បួនរថយន្តជំនួយមនុស្សធម៌កាតាបានមកដល់ប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីបានរាយការណ៍នៅថ្ងៃអង្គារថា ជំនួយមនុស្សធម៌មួយក្រុមរបស់ប្រទេសកាតាបានមកដល់កាលពីថ្ងៃចន្ទនៅក្នុងទីក្រុងអាឡិបប៉ូ ភាគខាងជើងនៃប្រទេសស៊ីរី។
របាយការណ៍បាននិយាយថា ក្បួនរថយន្តដែលមានរថយន្តដឹកទំនិញចំនួន ៦០គ្រឿងផ្ទុកដោយម្សៅមី ត្រាក់ទ័រ និងគ្រឿងយន្តកសិកម្ម គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាតាក្នុងការជួយដល់ផលិតកម្មស្បៀងអាហារក្នុងស្រុក និងសេវាជនស៊ីវិលមូលដ្ឋានក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។
របាយការណ៍បាននិយាយថា ជំនួយនេះត្រូវបានគេដាក់នៅភាគខាងជើងនៃទីក្រុងអាហ្សាហ្សមុនពេលដឹកជញ្ជូនទៅកាន់ទីក្រុងអាឡិបប៉ូ ដើម្បីចែកចាយដល់ហាងនំប៉័ងក្នុងស្រុកក្នុងគោលបំណងធានាឱ្យមានការផ្គត់ផ្គង់នំបុ័ងជាប្រចាំដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងសហគមន៍ដែលប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច។
របាយការណ៍បានបន្ថែមថា ជំនួយបន្ថែមទៀតត្រូវបានគេរំពឹងថាជាផ្នែកមួយនៃជំនួយមនុស្សធម៌ដ៏ទូលំទូលាយរបស់ប្រទេសកាតាចំពោះប្រទេសស៊ីរី។ ប្រទេសកាតាគឺជាប្រទេសដំបូងគេដែលបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងដាម៉ាស់ បន្ទាប់ពីការបណ្តេញ លោក បាសារ អាល់ អាសសាដ (Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





