យ៉ាងហោចណាស់មនុស្ស ៦២នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងកើតប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៦២នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបានវាយប្រហារលើស្រុកហ្វីហ្សី ខេត្តគីវូ ភាគខាងត្បូង ស្ថិតនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោពេញមួយយប់។
យោងតាមចំនួនអ្នកស្លាប់បណ្តោះអាសន្ន ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងភូមិកាសាបា ដោយបានបំផ្លាញផ្ទះប្រហែល ១៥០ខ្នង។ មនុស្ស ៣០នាក់បានរងរបួស ហើយជាច្រើននាក់ទៀតបានបាត់ខ្លួន។
រដ្ឋបាលខេត្តបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងហានិភ័យនៃជំងឺឆ្លង ការឆ្លងមេរោគតាមផ្លូវដង្ហើម និងកង្វះអាហារូបត្ថម្ភចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ជនភៀសខ្លួនក្នុងស្រុកភាគច្រើនរស់នៅក្នុងស្ថានភាពមិនច្បាស់លាស់ ខ្វះទីជំរក ទឹកស្អាត និងទទួលបានការថែទាំសុខភាព។
ខេត្តគីវូ ភាគខាងត្បូង មិនមែនមានតែខេត្តមួយនោះទេក្នុងការប្រឈមមុខនឹងវិបត្តិនេះ។ ខេត្តមួយចំនួនទៀត រួមទាំងខេត្តតានហ្គានយីកាក៏កំពុងប្រឈមនឹងគ្រោះទឹកជំនន់ម្តងទៀត ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





