គុយវ៉ែតបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនគាំទ្រលីបង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលីបង់ លោក ចូសេប អាអូន (Joseph Aoun) បានជួបជាមួយនាយករដ្ឋមន្ត្រីស្តីទីគុយវ៉ែត លោក សីខ៍ ហ្វាហាដ យូសូហ្វ សាដ អាល់ សាបាហ៍ (Sheikh Fahad Yusuf Saud Al-Sabah) នៅវិមាន Bayan របស់ប្រទេសគុយវ៉ែតកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលនោះ ក្រោយមកលោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសគុយវ៉ែតក្នុងការគាំទ្រប្រទេសលីបង់។
លោក សីខ៍ ហ្វាហាដ យូសូហ្វ ត្រូវបានដកស្រង់សម្តីដោយសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសលីបង់គឺជាកន្លែងពិសេសមួយនៅក្នុងបេះដូងនៃប្រជាជនគុយវ៉ែតទាំងអស់ ហើយប្រទេសទាំងពីរបានទទួលយកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីដ៏រឹងមាំ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនដែលបាននាំឱ្យមានការរារាំងដល់ការប៉ុនប៉ងរត់ពន្ធជាច្រើនដង។
ដោយបានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសគុយវ៉ែតចំពោះប្រទេសលីបង់ លោក សីខ៍ ហ្វាហាដ បានថ្កោលទោសការរំលោភលើអធិបតេយ្យភាពលីបង់របស់អ៊ីស្រាអែលដែលកំពុងបន្ត។ លោកក៏បានបង្ហាញពីបំណងចង់ទៅទស្សនកិច្ចនៅប្រទេសលីបង់ដែលលោក អាអូន ស្វាគមន៍យ៉ាងកក់ក្តៅ។
ចំណែកលោក អាអូន បានថ្លែងអំណរគុណដល់ប្រទេសគុយវ៉ែតសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនមកលើប្រទេសលីបង់ ដោយលោកបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការពេញលេញរបស់ប្រទេសលីបង់ជាមួយប្រទេសគុយវ៉ែត ជាពិសេសផ្នែកសន្តិសុខ។ ភាគីទាំងពីរបានឯកភាពក្នុងការសម្របសម្រួលការធ្វើដំណើរទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





