បេឡារុស្ស និងវៀតណាមបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ប្រទេសបេឡារុស្ស និងវៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) និងអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុង Minsk កាលពីថ្ងៃចន្ទ។
មេដឹកនាំបេឡារុស្សបានអះអាងថា ទំនាក់ទំនងរវាងប្រទេសបេឡារុស្ស និងវៀតណាមនឹងប្រសើរឡើងថែមទៀត ហើយកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសវៀតណាមនឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់។
លោកប្រធានាធិបតីបាននិយាយថា ប្រទេសបេឡារុស្សចាប់អារម្មណ៍លើការពង្រីកពាណិជ្ជកម្មទៅវិញទៅមក ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកន្លែងផលិតរួមគ្នាសម្រាប់ឧបករណ៍ដែលប្រទេសវៀតណាមចាប់អារម្មណ៍។
លោក លូកាសេនកូ ក៏បាននិយាយផងដែរថា ប្រទេសបេឡារុស្សបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការផ្គត់ផ្គង់ផលិតផលឧស្សាហកម្មយោធាដល់ប្រទេសវៀតណាម។
ចំណែកឯលោក តូ ឡឹម បានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសបេឡារុស្ស និងវៀតណាមនឹងបន្តអភិវឌ្ឍដោយសារការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ។ ក្នុងជំនួបនេះ លោក តូ ឡឹម បានទទួលរង្វាន់លំដាប់មិត្តភាពប្រជាជនសម្រាប់ការរួមចំណែករបស់លោកចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសបេឡារុស្ស និងវៀតណាម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





