ក្រុមហាម៉ាស់៖ ខ្លួននឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល-អាមេរិក នៅថ្ងៃចន្ទ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល-អាមេរិក លោក អេដេន អាឡិចសាន់ដឺ (Edan Alexander) ពីតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យកងពលតូច លោក អាប៊ូ អូបីដា (Abu Obeida) បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងទៅតាមថ្នាក់ដឹកនាំរបស់ក្រុមនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងការចេញផ្សាយនោះទេ។
លោក ខាលីល អាល់ ហាយយ៉ា (Khalil al-Hayya) មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ និងជាប្រធានក្រុមចរចារ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមលោកនឹងដោះលែងលោក អាឡិចសាន់ដឺ ពីតំបន់ហ្គាហ្សា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់ និងបើកច្រកព្រំដែនឡើងវិញសម្រាប់ការផ្តល់ជំនួយ។
លោកបាននិយាយថា ក្រុមហាម៉ាស់បានទាក់ទងជាមួយរដ្ឋបាលសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានបង្ហាញពី «ភាពវិជ្ជមានដ៏អស្ចារ្យ» ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។
ការវិវឌ្ឍបានកើតឡើងជិតមួយខែបន្ទាប់ពីក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយក្រុមដែលការពារលោក អាឡិចសាន់ដឺ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានកំណត់គោលដៅទីតាំងរបស់ពួកគេ។
លោក អាឡិចសាន់ដឺ ត្រូវបានក្រុមហាម៉ាស់ចាប់ជាឈ្លើយសឹកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោកត្រូវបានគេជឿថាជាចំណាប់ខ្មាំងជនជាតិអាមេរិកដែលនៅរស់ចុងក្រោយគេត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





