ឯកឧត្តម ពៅ សុខ ៖ ចង់ក្លាយជាអ្នកយុទ្ធសាស្រ្តឆ្នើម គប្បីរៀនសូត្រពីសម្តេច ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥–មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលជាអ្នករៀបរៀងសៀវភៅ ស្តីពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខណៈនេះ សៀវភៅ«អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី»ភាគ២ ភាគ៣ និងភាគ៤ បានបញ្ចប់ការរៀបរៀងជាស្ថាពរហើយ ហើយនឹងត្រូវបានបោះពុម្ពផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះ។

ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយុវជន ឬអ្នកនយោបាយបន្តវេន ចង់ក្លាយជាអ្នកនយោបាយ អ្នកការទូត អ្នកសេដ្ឋកិច្ច អ្នកគ្រប់គ្រង និងជាអ្នកយុទ្ធសាស្រ្តដ៏ឆ្នើម គេគប្បីសិក្សារៀនសូត្រឱ្យបានច្រើនបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្ចុចប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រកម្ពុជា។
ឯកឧត្តមបញ្ជាក់ទៀតថា នៅក្នុងសៀវភៅ« អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី»ទាំង៤ភាគ ដែលមានកម្រាស់ជិត២ពាន់ទំព័រ ដែលលោកចំណាយពេលរៀបរៀងឡើងវិញជាង៣ឆ្នាំមកនេះ មានរៀបរាប់ទាំងអស់អំពីភាពបន់បែន ភាពប៉ិនប្រសប់ដ៏ឈ្លាសវៃ នៃយុទ្ធសាស្រ្តនានា ទាំងនយោបាយការទូត និងយោធា ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដ៏វ័យក្មេងជាងគេនៅលើពិភពលោក នាគ្រានោះបានប្រើប្រាស់ក្នុងការចរចាស្វែងរកសន្តិភាព ជាមួយសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ដូចជាត្រីភាគី។

ឯកឧត្តម ពៅ សុខ អះអាងទៀតថា ប្រសិនបើអ្នកសិក្សា ឬអ្នកនយោបាយទាំងឡាយបានអានសៀវភៅ «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ទាំង៤ភាគជាប់គ្នា នោះពួកគេនឹងអាចក្លាយជាអ្នកនាំពាក្យ អ្នកការទូត អ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអ្នកយុទ្ធសាស្រ្តដ៏ចំណាន ដូចសម្តេចតេជោដែរ ឬហោចណាស់ ក៏បានជ្រាបខ្លះ នូវយុទ្ធសាស្រ្តមួយចំនួនដែលសម្តេចតេជោ បានប្រើប្រាស់ ក្នុងការអូសទាញគូបដិបក្ខ ឱ្យយល់ស្របតាមគំនិតផ្តួចផ្តើម និងទស្សនៈរបស់សម្តេច។
ឯកឧត្តម លើកឡើងថា នៅពេលបានអានសៀវភៅ មិត្តអ្នកអានក៏ប្រហែលជាអាចក្លាយជាអ្នកឃោសនា ទាំងផ្នែកនយោបាយ ឬការធ្វើជំនួញដ៏មានទេពកោសល្យ និងប៉ិនប្រសប់ ព្រោះដំណាក់កាលចរចាសន្តិភាព ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ រយៈពេល១១ឆ្នាំនេះ ទាំងប្រៃ ល្វីង ជូរចត់ និងផ្អែមល្ហែម គឺសម្តេចតេជោ បានឆ្លងកាត់ទាំងអស់។ ដំណាក់កាលចរចាសន្តិភាព ពេលខ្លះ សម្តេចក៏ប្រើប្រាស់វិធីសាស្រ្តរឹងត្អឹងបំផុត គឺការពារទស្សនៈរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពេលខ្លះក៏បត់បែន ពេលខ្លះក៏សម្របសម្រួល ដើម្បីឧត្តមផលប្រយោជន៍ជាតិ ហើយសម្រាប់អ្នកនយោបាយបច្ចុប្បន្ន ប្រហែលមិនមែនជាដៃគូយុទ្ធសាស្រ្ត នៃវិថីនយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ឡើយ។
ឯកឧត្តមបញ្ជាក់ថា សៀវភៅខាងលើនេះ ពុំមែនជាការសរសេរឡើងវិញថ្មីទេ ប៉ុន្តែគ្រាន់តែជាការរៀបរៀងឡើងវិញបន្តពីឯកសារដើមទាំងស្រុងដែលរក្សាទុកដោយឯកឧត្តមកែវ បាភ្នំ ហើយក៏មិនមែនជាការអួតអាងថា ឯកឧត្តមជាអ្នករៀបរៀងដ៏ល្បី និងជាការផ្សព្វផ្សាយ ដើម្បីលក់សៀវភៅដែរ៕
ដោយ៖ គង់ សិរីរ័ត្ន





