ផូស៊ីលសត្វសមុទ្រគ្រីណូអ៊ីត (Crinoid) មានអាយុកាលរាប់លានឆ្នាំមុន ត្រូវបានគេរកឃើញតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- គ្រីណូអ៊ីត (Crinoid) គឺជាសត្វសមុទ្រមួយក្រុមដែលស្ថិតនៅក្នុងក្រុមផ្កាយសមុទ្រ។ ក្រុមនេះក៏មានរូបរាងប្រហាក់ប្រហែលផ្កាយសមុទ្រ ក្រុមកាំប្រមាសមុទ្រ និងក្រុមឈ្លើងសមុទ្រជាដើម។ ផូស៊ីលដែលបន្សល់ទុករាប់លានឆ្នាំមុនមកនេះត្រូវបានគេរកឃើញតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយគេរកឃើញច្រើនជាងគេគឺនៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តកំពតជាដើម។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាយើង គេបានជួបប្រទះផូស៊ីលសត្វគ្រីណូអ៊ីត ដែលមានផ្នែកខាងក្បាលរបស់វានៅភ្នំស្វាយ ក្នុងខេត្តបន្ទាយមានជ័យ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរដែលមានអាយុកាលនៅស័កទី១ ក្នុងសម័យ Permian ឬប្រមាណ២៥១-២៩៩លានឆ្នាំមុន។

លោកបានបន្តថា ផូស៊ីលទាំងនេះគេក៏បានប្រទះឃើញនៅទីតាំងផ្សេងៗទៀត ដូចជាខេត្តបន្ទាយមានជ័យ រកឃើញច្រើនជាងគេភ្នំស្វាយ ភ្នំជញ្ជាំងឃើញមានច្រើន ភ្នំបាក់ ភ្នំដូងព្រះ ភ្នំកងវ៉ា ភ្នំព្រះភ្នំវែង។ ខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំគោហា។ ខេត្តស្ទឹងត្រែងរកឃើញនៅថ្មកំបោរ តំបន់រាមសារទន្លេមេគង្គ ភ្នំឈ្ងោក ភ្នំចាបភ្លើង ក្នុងស្រុកថាឡាបរិវាត់។ ខេត្តកំពតរកឃើញនៅភ្នំកំពង់ត្រាចជាដើម។

ចាប់ពីឆ្នាំ២០១៩មក ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីល ដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចាប់ផ្តើមធ្វើការ សិក្សាស្រាវជ្រាវអំពីជីវចម្រុះសម័យបុរាណ នៃប្រទេសកម្ពុជា។

គួរបញ្ជាក់ថាតាមរយៈផូស៊ីលសត្វគ្រីណូអ៊ីតដែលរកឃើញនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានកំណត់អាយុកាលក្នុងស័កទី១ក្នុងសម័យ Permian ដែលស្ថិតនៅក្នុងចន្លោះ២៥១-២៩៩លានឆ្នាំ។នោះមានន័យថានាស័កទី១ ប្រទេសកម្ពុជាស្ទើរតែទាំងស្រុងស្ថិតនៅក្រោមសមុទ្រនៅឡើយ៕
ដោយ៖ ដេប៉ូ





