ស៊ីម៉ាក់កម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាមចំនួន១៣២គ្រាប់បែកនៅខេត្តរតនគិរី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- នៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ចំណុះកងឯកភាពកម្ចាត់មីនទី៥ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់។

ឯកឧត្តម ហេង រនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។ នៅក្នុងព្រះរាជាណាចក្រដ៍កំសត់នេះត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត ៣០លានគ្រាប់បែក ប្រើពេលជាង១០ឆ្នាំ ក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមអរគុណម្ចាស់ចម្ការស្វាយចន្ទី ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាប និងដឹកជញ្ជូនឡើយ ដូចនេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។ ការកម្ទេចនៅហ្នឹងកន្លែងនេះបានបង្កប៉ះពាល់ដើមស្វាយចន្ទីមួយចំនួនដែរ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះរៀងរហូត៕


ដោយ ណយ នឿន





