ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវបងប្អូនកម្មកររោងចក្រចូលរួមការពារសន្តិភាព បំពេញការងារឱ្យល្អ និងចូលរួមសកម្មភាពវិជ្ជមានក្នុងសង្គម
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ កម្មការិនីជាង២៣០០នាក់ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់នៃកិច្ចការពារសុខសន្តិភាពដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបងប្អូនកម្មករ កម្មការិនីត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា ដ្បិតសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះក៏បង្កលក្ខណៈឱ្យអ្នកវិនិយោគមកបណ្តាក់ទុន បង្កើតរោងចក្រសហគ្រាសដូចដែលបងប្អូនកំពុងបំពេញការងារក្នុងរោងចក្រ នៅស្រុកកំចាយមារនេះស្រាប់។

ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឯកឧត្តមអភិសន្តិបណ្ឌិតបានចាត់ទុករោងចក្រដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះថាក៏មិនខុសពីរោងចក្រនៅតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរទេ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ដែលជាប្រភពទីផ្សារសម្រាប់ការនាំចេញផលិតផលពីរោងចក្រ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តបងប្អូនកម្មករ កម្មការិនីខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌនៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សារាល់សម្ភារ និងរាល់មធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់នៅពេលធ្វើដំណើរតាមដងផ្លូវសូមបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមប្រព្រឹត្តនូវសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជុំទាវ កែ សួនសុភី ស សុខា ក៏បានឧបត្ថម្ភថវិកាជូនដល់កម្មករ កម្មការិនី ចំនួន ២២២៣នាក់ ក្នុងម្នាក់ៗចំនួន៤ម៉ឺនរៀល និងកម្មការិនីមានផ្ទៃពោះចំនួន ១០១នាក់ ក្នុងម្នាក់ចំនួន១៤ម៉ឺនរៀលផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





